បាត់បង់​ជីវិត​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​

30-April-2016 | ដោយ មែន កំសត់


 
​កំពត​៖ ជីវិត​មនុស្ស​ពីរ​នាក់​បាន​បាត់បង់​ភ្លាមៗ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ជនរងគ្រោះ​រួមមាន ម៉ៅ ម៉េ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ និង ទូច ហៅ ង៉ែត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​អូរ​ក្រួស ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ដោយ​ស្រង់​សម្តី​ពី​អ្នករស់នៅ​ក្បែរ​កន្លែងកើតហេតុ​មន្ត្រីនគរបាល​ចរាច​រណ៍ ខេត្តកំពត​បាន​រៀបរាប់ថា​នៅវេលា​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់​មាន​ម៉ូតូ មួយគ្រឿង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី លិចទៅ​កើត​។ ខណៈនោះ​ដែរ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​អាចជា​ប្រភេទ​កូរ៉េ​បើក​មកពី​ទិស ខាង កើត​ដោយ​ល្បឿន​យ៉ាង​លឿន​ហើយ​លាន់ឮ​ស្នូរ​បុក​ប៉ះ​គួរឱ្យ​ព្រឺ​ឆ្អឹងខ្នង​។

 ប្រភព​ដដែល​បាន​បញ្ជាក់ថា ទោះជា​បែបនេះ ក្តី​រថយន្ត​នោះ​មិនបាន​បញ្ឈប់​ទេ​ដោយ​បន្ថែម​ល្បឿន​បើកបរ​បន្ត​ទៅមុខទៀត ពេល​ស្ថានភាព​កំពុង​ស្ងប់ស្ងាត់​។ មួយសន្ទុះ​ក្រោយមក​ដោយសារ​មាន​អ្នកដំណើរ​មកដល់​ទើប​អ្នកជិតខាង​ហ៊ាន​រត់ឡើង សំដៅទៅ​កន្លែងកើតហេតុ ក៏​ឃើញ​មនុស្ស​ពីរ​នាក់​ដេក​រដូករណែល​ខ្ទាត​ឆ្ងាយ​ពី​ម៉ូតូ​រៀងៗ​ខ្លួន​។ ពេល​គ្រប់គ្នា​ចូលទៅ​ជួយ​លើក​ជនរងគ្រោះ​ទើប​ដឹងថា អ្នក​ទាំង​ពីរបាន​ស្លាប់ទៅ​ហើយក៏​ប្រញាប់ប្រញាល់​រាយការណ៍​ដល់​សមត្ថកិច្ច ឱ្យបាន​ដឹង​។ មន្ត្រីនគរបាល​ចរាច​រណ៍​បានបញ្ជាក់​ផងដែរ​ថា ពេលនេះ​សមត្ថកិច្ច​កំពុង​តាមដាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​រថយន្ត​បង្ក ដើម្បី​តាមរក​ម្ចាស់​ឱ្យ មក​ទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20545717

  • ថ្ងៃនេះ2301
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81381
  • ខែនេះ103261
  • ឆ្នាំនេះ103261
  • សរុប20545717