ភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនសង្ស័យចាក់សម្លាប់នៅបន្ទប់ជួល ដោយសារតែសុំផ្លែស្វាយមួយ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី២៩ មេសា ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខD៤ ផ្លូវលេខ៦២R ក្រុមទី១១ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះយ៉ែម ទឹម អាយុ២៣ឆ្នាំ យកកូនកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះហួន ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួងធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ត្រូវបានស្លាប់ភ្លាមៗ ។
បើតាមប្រភពពីសាក្សីថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយបងប្អូនជីដូនមួយចំនួន៣នាក់ទៀត កំពុងតែហូបស្វាយខ្ចី នៅមុខបន្ទប់ជួលរបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យ បានមកសុំស្វាយជនរងគ្រោះហូបដែរ ក្រោយមកឈ្មោះស្រស់ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះ ក៏បានឱ្យផ្លែស្វាយ១ផ្លែទៅជនសង្ស័យ នៅពេលនោះជនសង្ស័យ ក៏បានដើរចេញ ។
ក្រោយមក ជនសង្ស័យក៏បានដើរត្រឡប់មកវិញ ដោយក្នុងដៃមានកាន់កូនកាំបិតមួយ ហើយចាក់ទៅលើជនរងគ្រោះចំ(ក)ខាងស្ដាំមួយកាំបិត រួចហើយក៏រត់គេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយប្រហែលជា៣០ម៉ែត្រក៏ដួល ដោយសារតែមុខរបួសរបស់ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរពេក ទើបបងប្អូនជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្រោយពីទទួលដំណឹងនេះភ្លាម លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងនគរបាលខណ្ឌប៉ុស្តិ៍សង្កែ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហ៊ុមព័ទ្ធនៅកន្លែងកើតហេតុ ។
ក្រោយមក កម្លាំងសមត្ថកិច្ចក៏បានធ្វើការសាកសួរសាក្សីដែលនៅជិតនោះ និងបងបង្អូនជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការកំណត់នូវអត្តសញ្ញាណរបស់ជនសង្ស័យ ហើយបានបន្តបើកការស្រាវជ្រាវរហូតដល់ម៉ោង០១ និង១០នាទីរំលងអធ្រាតចូលថ្ងៃទី៣០ មេសា ដោយកម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការរយៈពេល៤ម៉ោង ទើបកម្លាំងសមត្ថកិច្ចខណ្ឌប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យនោះ នៅត្រង់ចំណុចបន្ទប់ជួលលេខ៧ ស្ថិតនៅក្នុងផ្សារសុភមង្គល ក្រុមទី១៣ ភូមិទួលសង្កែ ខណ្ឌប្ញស្សីកែវ ៕