ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមស្ទាក់វាយប្លន់យកម៉ូតូទៅ បាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្ដីរបស់ជនរងគ្រោះឈ្មោះ ឌី ពិសី ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជន មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថា រូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ឡើងឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1I-7624 ចេញពីផឹកស៊ីនៅហាង ហេងហេង២ តាមផ្លូវព្រះមុនីរ៉េត គោលបំណងទៅដេកនៅផ្ទះមិត្តភក្កិនៅភូមិកើតហេតុខាងលើ ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបនឹងក្រុមជនសង្ស័យមួយក្រុមមាន គ្នា៤-៥នាក់ឈរនៅតាមចិញ្ចើមផ្លូវកាន់ដាវសាំមូរ៉ៃគ្រប់ដៃ បានស្រែកថា បើជិះម៉ូតូទៅទៀតពួកគេនឹងកាប់ ពេលនោះរូបគេភ័យខ្លាំងណាស់បានដកសោម៉ូតូរត់គេចខ្លួន ហើយក្រឡេកទៅមើលម៉ូតូឃើញជនសង្ស័យម្នាក់ពាក់អាវខៀវលើកម៉ូតូជិះ ទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍ ៕