ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ក្រោយពេលជនសង្ស័យរូបនោះ រួមនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពគាស់ដំបូលភូមិគ្រឹះមួយកន្លែង ក្នុងខណ្ឌទួលគោក លួចយកទ្រព្យសម្បត្តិបានសម្រេចហើយ តែត្រូវសមត្ថកិច្ចស្រាវជ្រាវតាមប្រព័ន្ធជីភីអេស ដែលម្ចាស់បានដាក់តាមទូរស័ព្ទ ។
ករណីគាស់ទម្លុះទម្លាយផ្ទះដើម្បីលួចទ្រព្យសម្បត្តិខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៦នៅចំណុចភូមិគ្រឹះលេខ៤៣ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ឃុំ ថាវ ហៅ អាពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដេកតាមផ្សារ និងដកហូតវត្ថុតាងបានទូរស័ព្ទ៣គ្រឿង បណ្តោងរូបខ្លា និងលុយមួយចំនួន ។តាមប្រភពព័ត៍មានពីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានដើរចេញពីម្តុំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លុះដើរមកដល់ចំណុចភូមិគ្រឹះខាងលើ ក៏បានធ្វើសកម្មភាពឡើងទៅលើតំបូលភូមិគ្រឹះគាស់ក្បឿងចូលលួចយកបាន សម្ភារៈខាងលើបានសម្រេចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យមើល និងស្រាវជ្រាវតាមរយៈប្រព័ន្ធជីភីអេស ដែលម្ចាស់ផ្ទះរងគ្រោះដាក់តាមទូរស័ព្ទដៃ ដែលចោរលួចយកទៅនោះ រហូតតាមចាប់បានជនសង្ស័យម្នាក់ និងរត់រួចម្នាក់ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាសំបុកគ្រឿងញៀនផងដែរ ។បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី ៕