ក្រោយ​បញ្ចប់​បុណ្យសព​លោក ទៀន ករុណា​​អា​ថ៏​កំបាំង សំណុំរឿង​គ្រឿងញៀន បាន​ផ្ទុះឡើង​យ៉ាង​ចំហរ

02-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​ក្រោយពេល​រៀបចំ​ពិធី​បុណ្យសព លោក​វរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាព​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ទម្លាយ ព័ត៌មាន​លម្អិត ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប​មេក្លោង​ធំ ជួញដូរ​គ្រឿងញៀន ព្រមទាំង​សាវតា និង​សកម្មភាព​ជួញដូរ​របស់​ពួកវា ដូចខាងក្រោម​៖– តាម​ការចង្អុលបង្ហាញ​របស់​ឈ្មោះ លី វីរៈ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាប​សំបុក​មេក្លោង​ធំ ជួញដូរ​គ្រឿងញៀន មួយកន្លែង នៅ​ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ខណៈពេល​ប្រតិបត្តិ​ការណ៍ ជនល្មើស បាន​បាញ់ប្រហារ​មកលើ សមត្ថកិច្ច​អាវុធហត្ថ ត្រូវរបួស​ម្នាក់ ធ្វើ​ឲ្យ​មានការ​បន្ថែម កម្លាំង​អាវុធហត្ថ និង​មាន​ការចូល​រួមសហកា​រណ៍​ពី កម្លាំង​នគរបាល ទៅ​ហ៊ុ​ព័ទ្ធ​កន្លែងកើតហេតុ ដោយមាន​ការបាញ់​តបត​គ្នា ជាច្រើន​រយ​គ្រាប់ កក្រើក​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល​បណ្តាលឱ្យ អាវុធហត្ថ​ម្នាក់ ដែល​រងរបួស ត្រូវបាន​ពលី ពេលទៅដល់​មន្ទីរពេទ្យ និង ងាប់​ជនល្មើស​ម្នាក់ នៅនឹងកន្លែង ឃាត់ខ្លួន​ជនសង្ស័យ សរុប​បាន ០៥​នាក់ ដកហូត​អាវុធ​ជនល្មើស បាន ០៦​ដើម (​អាវុធខ្លី ០៥​ដើម អាវុធ​វែង ០១​ដើម​) រថយន្ត ០២​គ្រឿង ម៉ូតូ ០៤​គ្រឿង ជនល្មើស បាន​ចាក់​បំផ្លាញ​ថ្នាំញៀន​ចោល ចូលទៅក្នុង​បង្គន់ និង​ដុតបំផ្លាញ​ឯកសារ​ពាក់ព័ន្ធ មួយចំនួនទៀត​។​

– ជនល្មើស​ដែល​ងាប់ មាន​ឈ្មោះថា លឹម តេង ឈ្មោះ​ដើម លឹម គឹម​តេង គឺជា​មេក្លោង​ធំ  ក្នុងការ​ជួញដូរ​គ្រឿង​ញៀន និង​ធ្លាប់​ជាប់គុក​រយៈពេល ១​ឆ្នាំ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ចំណែក ០៥​នាក់​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន រួមមាន​៖
1-​ឈ្មោះ លឹម កុក​ហ៊ុយ ហៅ​ប៉ា​ហ្គិ​ច ជា​ពូ​ថ្លៃ​របស់​មេក្លោង​ធំ ដែល​ងាប់​, 2-​ឈ្មោះ ទី អៀង  ជា​បងថ្លៃ​របស់​មេ​ង​ក្លោង​ធំ ដែល​ងាប់​, 3-​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ​ឈិ​ត ជា​បក្ខពួក​, 4-​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ជា​បក្ខពួក​, 5-​ឈ្មោះ លី វីរៈ ជា​បក្ខពួក​។ ក្រុម​ទាំងអស់នេះ មានមុខ​របរ​ជួញដូរ​គ្រឿងញៀន ក្រោម​រូ​ម​ភាព​ធ្វើ​ទាខ្វៃ ដែលមាន​យីហោរ លី កុក​ហ៊ុយ ដើម្បី​បិទបាំង របរ​ជួញដូរ​គ្រឿងញៀន​របស់​ខ្លួន​។ តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច សន្និដ្ឋានថា ក្រុម​នេះ អាចមាន​ការ​ចរាចរណ៍​គ្រឿងញៀន ពី​កន្លែង​១ ទៅ​កន្លែង ១​ទៀត តាមរយៈ​ការ​លាក់ គ្រឿងញៀន ក្នុង​ទាខ្វៃ ផងដែរ​។​

​អំពី​សាវតា​របស់​មេក្លោង​ធំ ជួញដូរ​គ្រឿងញៀន លឹម គឹម​តេង គឺ​៖
– មុន​ឆ្នាំ​២០០៧ ឈ្មោះ លឹម គឹម​តេង គឺជា​កូនជឹង និង​ជាម​នុស្ស​ជំនិត របស់​មេក្លោង​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ឈ្មោះ ឡាំ ប៊ុន​ខេង (​បច្ចុប្បន្ន​ឡាំ ប៊ុន​ខេង បាននិងកំពុង​ជាប់​ក្នុង​ពន្ធនាគារ PJ) ដោយ​ជាប់ចោទ​ពីបទ​ផលិត និង​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវបាន​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​អ្នក​បង្ក្រាប​ចាប់ខ្លួន កាលពី​ថ្ងៃទី 06-8-2007 និង​ចាប់​យកបាន​វត្ថុតាង ជាច្រើន រួមមាន ម៉ាស៊ីន​ផលិត​គ្រឿងញៀន ព្រមទាំង​ថ្នាំញៀន សារធាតុ​គីមី​ផ្សំ សម្រាប់​ផលិត​គ្រឿងញៀន និង​វត្ថុតាង​ផ្សេងៗ ជាច្រើន​ទៀត​។ បន្ទាប់ពី ឡាំ ប៊ុន​ខេង ជាប់គុក​ទៅ គឺ​ឧក្រិដ្ឋជន លឹម គឹម​តេង ចាប់ផ្តើម​ដើរតួនាទី​ជំនួស ឡាំ ប៊ុន​ខេង ម្តង ដោយ​ធ្វើការ​ជួញដូរ​ថ្នាំញៀន យ៉ាង​ពេញបន្ទុក រហូតដល់​ថ្ងៃ ដែល​សមត្ថកិច្ច​នគរ​បាល ខណ្ឌចំការមន ចាប់ខ្លួន បញ្ជូនទៅ​គុក​ព្រៃ​ស តាម​ដីកា​បង្គាប់ ឲ្យ​ឃុំខ្លួន​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣ និង​ដោះលែង​វិញ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​អនុវត្ត​ទោស បាន​មួយឆ្នាំ​។​

– ក្នុងអំឡុងពេល​ជាប់គុក ឧក្រិដ្ឋជន លឹម គឹម​តេង វា​មានការ​ទំនាក់ទំនង​គ្នា យ៉ាង​ជិតស្និទ្ធ ជាមួយនឹង អា​លាង ជនជាតិ​វៀតណាម ជា​ទណ្ឌិត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃើញថា ជា​ក្រុម​មេក្លោង ជាមួយ​ជនជាតិ នី​ហ្សេ​រី​យ៉ា ក្នុងការ​ចាត់ចែង បញ្ជា​លក់​ទិញ​ថ្នាំញៀន ពី​ក្នុង​ពន្ធនាគារ មក​ខាងក្រៅ​។ តាម​ចម្លើយ​របស់ លី វីរៈ ក៏​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​ឆក់​ខ្សែក ដោយ​ឃុំខ្លួន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ឃុំខ្លួន​អាគារ A4 ជាមួយ លឹម គឹម​តេង ហើយ​បាន​ស្គាល់គ្នា​។ លី វីរៈ ត្រូវបាន​ដោះលែង​ចេញ ពី​ពន្ធនាគារ នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥​។​

– ក្រោយពេល​ចេញពី​ពន្ធនាគារ លី វីរៈ បាន​ស្កា​ត់ទៅ​ជួប ឧក្រិដ្ឋជន លឹម គឹម​តេង ដើម្បី​សុំ​ធ្វើការ​ជាមួយ​។ ឧក្រិដ្ឋជន លឹម គឹម​តេង បាន​បន្ត​មុខរបរ​ចាស់​របស់ខ្លួន គឺ​ជួញដូរ​គ្រឿងញៀន​ដដែល ហើយ​ធ្វើ​រឹតតែ​ធំ​ជាង​មុន និង​ឆ្លាត​ជាង​មុន សូម្បីតែ​សំបុក​របស់​វា  មាន​របង​បិទ​ជិត កំពស់​ជិត ៤​ម៉ែត្រ ចិញ្ចឹម​ឆ្កែ ប៊ែ​ក​សេ ដាក់​ទ្រុង​នៅមុខ​ផ្ទះ ក្រៅរបង ចាប់​កាមេរ៉ា​សុវត្ថិភាព ជុំវិញ​ផ្ទះ និង​យក​របរ​ខ្វៃ​ទាល​ក់ បំភាន់​ភ្នែក​មហាជន ក៏ដូចជា​សមត្ថកិច្ច តែ​ជាក់ស្តែង ក្រុម​វា​ខ្វៃ​ទា ត្រឹមតែ​១០ ទៅ ១៤​ក្បាល​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​៕

ចំនួនអ្នកទស្សនា

    20545957

  • ថ្ងៃនេះ2541
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81621
  • ខែនេះ103501
  • ឆ្នាំនេះ103501
  • សរុប20545957