រាជធានីភ្នំពេញ ៖ មានការផ្ទុះអាវុធមួយគ្រាប់ និងវាយក្បាលមួយស្នាប់កាំភ្លើងបណ្តាលឲ្យបុរសម្នាក់បែកក្បាលហូរ ឈាមស្រោចពេញខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរ អំពីសំណាក់មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ជាម្ចាស់ផ្ទះ ខណៈដែលធ្វើការឃាត់ខ្លួនបុរសរូបនោះចូលទៅលួចកង់មួយគ្រឿងនៅខាង មុខផ្ទះរបស់ខ្លួននោះ។ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅខាងមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣ (ក្បែរវត្តឧណ្ណាលោម) ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ងួន វិចិត្រ អាយុ២៧ឆ្នាំ មានមុខរបរ និងទីលំនៅពិតប្រាកដ ត្រូវបានម្ចាស់ផ្ទះវាយមួយស្នាប់កាំភ្លើងបណ្តាលឲ្យរងរបួសបែកក្បាល ឈាមហូរស្រោចពេញខ្លួនយ៉ាងធ្ងន់ធ្ងរ។ បុរសជាម្ចាស់កង់មានឈ្មោះ មាស ម៉ាដែន អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានប្រើអាវុធម៉ាកឡុក បាញ់មួយគ្រាប់ឡើងលើ និងវាយទៅលើក្បាលរបស់បុរសជាជនសង្ស័យមួយស្នាប់កាំភ្លើងនៅក្នុង ការចាប់ខ្លួននោះ។តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុបុរសជាម្ចាស់កង់បានបញ្ឈរកង់មួយគ្រឿងរបស់ខ្លួននៅ ខាងមុខផ្ទះ បានបន្តិចក៏បានឃើញបុរសជាជនសង្ស័យចូលមកលួចបណ្តើរកង់របស់ខ្លួន ចេញតាមរយៈកាមេរ៉ាសុវត្ថិភាព។
ភា្លមនោះបុរសជាម្ចាស់កង់ក៏បានស្ទុះរត់ចេញមកពីក្នុងផ្ទះ និងដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ និងចាប់បុរសជាជនសង្ស័យរូបនោះបាន ហើយក៏វាយបន្ថែមមួយស្នាប់កាំភ្លើងបណ្តាលឲ្យបែកក្បាលរយះចេញឈាម ហូរស្រោចពេញខ្លួន រងរបួសធ្ងន់ និងប្រគល់ខ្លួនទៅឲ្យកម្លាំងមានសម្ថកិច្ចតែម្តង។ មតិខ្លះក៏បានធ្វើការរិះគន់ទៅដល់មន្ត្រីនគរបាលអន្តោប្រវេសន៍រូប នោះផងដែរ ដោយគ្រាន់តែសម្បត្តិត្រឹមចោរលួចកង់កញ្ចាស់មួយគ្រឿងប៉ុណ្ណោះ បង្កឲ្យមានការផ្ទុះអាវុធ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបែបនេះទាល់តែសោះ។ ក្រោយពេលកើតហេតុបុរសជនសង្ស័យជាចោរលួចកង់ត្រូវបានប្រគល់ទៅឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទោស តាមផ្លូវច្បាប់ ចំណែកឯកង់នោះត្រូវបានប្រគល់ទៅអោយម្ចាស់វិញផងដែរ ៕