ព្រះសីហនុ៖ ក្មេងស្រី អាយុ ៤ឆ្នាំ ម្នាក់ ត្រូវរងគ្រោះ ដោយសារពស់មានពិសចឹក ខណៈពេលដើរទៅរកទិញចំណីហូប ជាមួយក្មេងៗដូចគ្នា ក្នុងភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ឧសភា នេះ។
មកដល់ពេលនេះ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជួយសង្គ្រោះ ឱ្យរួចផុតពីសេចក្តីស្លាប់ ហើយក្រោយពីព្យាយាមជួយសង្គ្រោះ ដោយការប្រើឱសថពិសេសៗ ទប់មិនឱ្យឈាមហូរ តាមមាត់ និងច្រមុះ យ៉ាងសាហាវបំផុត។
តាមការឲ្យដឹង ពីលោក សេង ណុង ប្រធានមន្ទីរបង្អែកខេត្ត ឱ្យដឹងថា ក្មេងតូចនេះ បើក្រុមគ្រួសារ យឺតតែបន្តិច ក្នុងការបញ្ជូនមកកាន់មន្ទីរពេទ្យទេ ជីវិតក្មេងស្រីតូចនេះ មិនអាចសង្គ្រោះបានឡើយ ដោយសារតែពិសពស់ សាហាវខ្លាំងបំផុត។
ហើយលោក សេង ណុង បានប្រាប់ឲ្យដឹង ថាមន្ទីរពេទ្យបង្អែកខេត្ត គឺមានឱសថ គ្រប់គ្រាន់ សម្រាប់ព្យាបាលជនរងគ្រោះ ពស់ចឹក ប៉ុន្តែចាំបាច់ ត្រូវនាំជនរងគ្រោះ មកមន្ទីរពេទ្យ ឱ្យលឿនបំផុត តាមអាចធ្វើទៅបាន៕