ភ្នំពេញ ៖ ប្ដីប្រពន្ធ១គូបាននាំគ្នា ទៅកាន់សាលាសង្កាត់ចោមចៅ ប្ដឹងសុំឲ្យអាជ្ញធរសង្កាត់ រកខុសរកត្រូវឲ្យ ដោយស្ត្រីជាប្រពន្ធបានចោទប្រកាន់ថាប្ដីរបស់គាត់ មានសហាយលួចលាក់ស្នេហាជាមួយស្រីផ្សេងនៅក្រៅផ្ទះ ដោយមិនបានគិតថារៀបការនឹងគ្នាក្លាយជាប្តីប្រពន្ធច្រើនឆ្នាំ និងមានទាំងកូនប្រុសស្រីចំនួន៤នាក់ទៅហើយទេ។ ជាងនេះទៀតមិនចេះខ្មាសអ្នកជិតខាងឡើយ ហើយមិនតែប៉ុណ្ណោះគាត់បានតាមទាន់ ខណៈពេលដែលប្ដីកំពុងស្ថិតនៅក្នុងផ្ទះសំណាក់ជាមួយគ្នាថែមទៀតផង ទើបធ្វើឲ្យគាត់មានការក្ដៅក្រហាយ អត់ទ្រាំលែងបាន ក៏បាននាំលោកប្ដីទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីសុំអន្តរាគមន៏ពីអាជ្ញាធរ។
ចំណែកបុរសជាប្តីបានបដិសេធន៏ថា គាត់មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់ពីសំណាក់ប្រពន្ធនោះឡើយ ។ ដោយសារការប្រកែកគ្នារកខុសនិងត្រូវ បែបនេះហើយទើបក្លាយជា អំពើហិង្សាកើតឡើង ហើយប្រពន្ធបានទាមទារយកសោរម៉ូតូពីប្ដី ហើយប្ដីបានប្រាប់ថាគាត់ឲ្យហើយនៅទារអីទៀត ទើបពេលនោះប្រពន្ធបានដណ្ដើមយកទូរស័ព្ទនោះ មកបោកជាច្រើនដងទៀត រហូតបែកខ្ទេចខ្ទីប្រើការលែងកើតទើបឈប់បោក ហើយបានឈានដល់ការប្រវាយប្រតប់គ្នាវិញម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលពេញសាលាសង្កាត់ចោមចៅ រហូតមានការអន្តរាគមន៏ពី អាជ្ញាធរទើបស្ងប់ស្ងាត់ទៅវិញ។
ហេតុការណ៏ភ្ញាក់ផ្អើលនោះបានកើតឡើង កាលវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីជាប្រពន្ធឈ្មោះ ញ៉ែ ហៀង អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ចំណែកបុរសជាប្ដីឈ្មោះ ប៊ី ណាត អាយុ៤១ឆ្នាំ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន៤នាក់ និងមានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីមន្ត្រី សាលាសង្កាត់ចោមចៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ១គូនេះបាននាំគ្នា ទៅសុំឲ្យជួយអន្តរាគមន៏ រកខុសរកត្រូវអំពីរឿងរ៉ាវ ដែលបានកើតឡើង នៅក្នុងក្រុមគ្រួសារ របស់ពួកគាត់ ។ ដោយនៅក្នុងខណៈនោះ នាងជាប្រពន្ធបានប្រាប់ថា ប្ដីរបស់គាត់មានចិត្តមិនស្មោះត្រង់ ក្បត់ចិត្តគាត់មានសហាយលួចលាក់ស្នេហាយ៉ាងផ្អែមល្ហែម ជាមួយស្រីក្មេងក្រៅផ្ទះ មិនបានគិតគូដល់គាត់ និងកូនប្រុសស្រីចំនួន៤នាក់ឡើយ ហើយបានដើរលេងអត់ធ្វើការរកស៊ីអ្វីទាំងអស់។
មិនតែប៉ុណ្ណោះនៅវេលាព្រឹកថ្ងៃទី៣ ខែឧសភា នាងបានតាមទាន់ប្ដី កំពុងស្ថិតនៅជាមួយស្រីនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ហើយនាងចាប់បានថែមទៀតផង ទើបមានការក្ដៅក្រហាយសុំឲ្យអាជ្ញាធរជួយអន្តរាគមន៏។ ប្រភពដដែលបានបន្តថា ចំណែកឯបុរសជាប្តី បានប្រកែកថាគាត់មិនបានធ្វើអ្វីដូចដែលប្រពន្ធចោទឡើយ បន្ទាប់មកលោកចៅសង្កាត់ បានបញ្ជាឲ្យមានការសម្របសម្រួលជូនពួកគាត់ កុំឲ្យមានទំនាស់ គ្នាកើតឡើង។
ក្រោយមកអ្នកទាំងពីរក៏បាននាំគ្នាចេញ ពីសាលាសង្កាត់ហើយស្ត្រីជាប្រពន្ធបាន ទាមទារយកកូនសោម៉ូតូពីប្តី ចំណែកប្តីមិនបានហុចឲ្យផ្ទាល់ដៃនោះទេ បានយកកូនសោនោះទៅចាក់ជាប់នឹងម៉ូតូ ហើយប្រពន្ធមិនឃើញក៏បានតាមទាររហូត រីឯប្ដីប្រប្រាប់ថាឲ្យហើយតើ ទើបប្រពន្ធដណ្ដើមយកទូរស័ព្ទពីក្នុងហោប៉ៅអាវប្ដី បោកហើយបោកទៀតច្រើនដងបណ្ដាលឲ្យបែកខ្ទេចខ្ទីរខូចខាតទាំងស្រុង ប្រើការលែងកើតតែម្ដង។ បន្ទាប់មកអ្នកទាំងពីរ បានមានការប្រទូសរាយគ្នាមួយប្រាវ ប៉ុន្តែបានអាជ្ញាធរជួយអន្តរាគមន៏ទាន់ពេលទើបគ្មានរបួសស្នាម ហើយអ្នកទាំងពីរបានត្រឡប់ទៅផ្ទះវិញ៕