ស្ទឹងត្រែង៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះថា ខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង កាលពីយប់មិញនោះ បានបំផ្លាញ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ស្ថិតនៅចំណុចកាំប្លាង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ គឺជាភូមិដាចស្រយាល។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «បាតុភូតខ្យល់កន្ត្រាក់យប់មិញនោះបានបណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលផ្ទះអស់ចំនួន១៩ផ្ទះ ប៉ុន្តែមិនបណ្តាលឲ្យពួកគាត់រងរបួសឡើយ»។
បើតាមលោកស្នងការខេត្ត នៅពេលនេះកម្លាំងនគរបាលរបស់លោកបានចុះដល់កន្លែងរងគ្រោះ ព្រមទាំងជួយរុះរើផ្ទះប្រជាពលរដ្ឋ និងជួយសាងសង់ឡើងវិញផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៥៖២៥នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិសនីនៅទូទាំងខេត្តស្ទឹងត្រែង នៅមិនទាន់មាននៅឡើយទេ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ទូទាំងខេត្ត ពីល្ងាចម្សិលមិញ ដោយសារខ្យល់ភ្លៀង កន្ត្រាក់រលំដើមឈើដាច់ខ្សែភ្លើង នៅប្រទេសឡាវ ដែលជាប្រភពតែមួយគត់ផ្គត់ផ្គង់ភ្លើងពីប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង។
ឯកឧត្តមកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់ ឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីនេះអូសបន្លាយ តាំងពីពេលយប់ រហូតដល់ពេលនេះហើយ នៅតែមិនទាន់មានការតភ្ជាប់នៅឡើយទេ ដោយសារភាគីខាងប្រទេសឡាវ មិនទាន់មាន ជំនាញណាធ្វើការជួសជុលនៅឡើយនោះទេ ហើយការដាច់ខ្សែភ្លើងនេះ នៅស្ថិតចំណុចក្បែរព្រំដែនឡាវ។ ការដាច់ចរន្តអគ្គិសនីនេះ មិនមែនដាច់តែក្នុងទីរួមខេត្តទេ គឺដាច់ទូទាំងខេត្តទាំងមូល។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម កែវ រតនៈ បានបន្តទៀតថា ដោយសារស្ទឹងត្រែងទាំងមូល ទទួលបណ្តាញចរន្តអគ្គិសនីតែមួយគត់ ពីប្រទេសឡាវ ហើយខេត្តស្ទឹងត្រែងមិនទាន់ តភ្ជាប់បណ្តាញអគ្គិសនីរបស់ជាតិនៅឡើយទេ នៅពេលបច្ចុប្បន្ន។
ប្រមុខអគ្គិសនីកម្ពុជា បានអះអាងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននឹងកំពុងសាងសង់បណ្តាញតភ្ជាប់ពីខេត្តក្រចេះ ទៅស្ទឹងត្រែង ដើម្បីឲ្យខេត្តស្ទឹងត្រែង អាចមានចរន្តអគ្គិសនី ប្រើប្រាស់បណ្តាញជាតិ ហើយការតភ្ជាប់បណ្តាញជាតិនេះ អាចនឹង រួចរាល់នៅឆ្នាំក្រោយ៕