ខេត្តកោះកុង ៖ តាមប្រភពពីមន្ត្រីសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិចាំយាម បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៤ មេសា ២០១៦ ថា នៅវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី៣ មេសា ២០១៦ ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម បានបិទបារ៉ាស់មិនព្រមអនុញ្ញាតិឱ្យរថយន្តអំប៊ូឡង់ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រឡប់មកកម្ពុជាវិញ ខណៈពេលដែលរថយន្តខាងលើនេះដឹកអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ចូលទៅ មន្ទីរពេទ្យថៃ ហើយត្រឡប់មកវិញ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិចាំយាម បានឱ្យដឹងថា ជាធម្មតាច្រកទ្វារអន្តរជាតិចាំយាម មានកិច្ចព្រមព្រៀងបញ្ចប់ម៉ោងរដ្ឋបាលរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) ត្រឹមម៉ោង២២និង០០នាទីយប់ តែចំពោះករណីរថយន្តដឹកអ្នកជំងឺ វាជាករណីអាទិភាពពិសេស ពេលកំពុងដឹកអ្នកជំងឺចេញទៅប្រទេសថៃ សមត្ថកិច្ចមិនបានឃាត់ទេ ។ តែពេលត្រឡប់មកវិញ ត្រូវយកឯកសារមកបង្ហាញសមត្ថកិច្ចឈរជើងផង ព្រោះពេលត្រឡប់មកវិញ ក្នុងរថយន្តអំប៊ូឡង់ខាងលើ ពុំមានអ្នកជំងឺទេ ។ ហេតុនេះសមត្ថកិច្ចក៏ត្រូវទាមទារការត្រួតពិនិត្យឱ្យច្បាស់លាស់ដែរ ព្រោះកន្លងមកទៅស្រុកខ្មែររថយន្តសង្គ្រោះក៏មានដឹកបទល្មើសដែរ ហើយរថយន្តស៊ីទែន ក៏មិនទៀងថា ដឹកតែប្រេង ឬទឹកដែរ ខ្លះយកទៅដឹកឈើប្រណីតទៅវិញ ហេតុនេះសមត្ថកិច្ចច្រកទ្វារទាមទារពិនិត្យឯកសារពេលត្រឡប់មកវិញឱ្យ បានច្បាស់លាស់។
ប្រភពដដែលបាននិយាយទៀតថា ក្រោយពីសមត្ថកិច្ចឃាត់រថយន្តខាងលើ អ្នកបើករថយន្តមិនបានបង្ហាញឯកសារដល់សមត្ថកិច្ចទេ ថែមទាំងបើករថយន្តវាងគេចពីបារ៉ាស់ច្រកទ្វារចូលតាមច្រកកាស៊ីណូ មកទីរួមខេត្តយ៉ាងប្រញាប់ប្រញាល់ទៅវិញ មិនព្រមប្រឈមការត្រួតពិនិត្យរបស់សមត្ថកិច្ចឡើយ ហេតុនេះទើបសមត្ថកិច្ចបានតាមហៅរថយន្តខាងលើឱ្យត្រឡប់មកវិញ ។ លោកទោ ម៉ឹង នាយកមន្ញទីរសុខាភិបាលខេត្តបានបញ្ជាក់តាមទូរស័ព្ទប្រាប់ កោះសន្តិភាពថា នៅលើពិភពលោកមិនដែលសមត្ថកិច្ចណាឃាត់ឡានពេទ្យទេ ព្រោះក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ឬរថយន្តពេទ្យមានតែការសង្គ្រោះ មិនថា មិត្ត ឬសត្រូវទេ ដូច្នេះការឃាត់រថយន្តខាងលើ គឺជាការមិនគោរពសិទ្ធិអាទិភាពរបស់រថយន្តពេទ្យ ។
តែទោះជាយ៉ាងណា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៤ មេសា ២០១៦ ការសម្របសម្រួលរវាងស្ថាប័នទាំង២ នៅមិនទាន់ដោះស្រាយបាននៅឡើយទេ ហើយរថយន្តអំប៊ូឡង់ ក៏កំពុងនៅក្បែរបារ៉ាសច្រកទ្វារអន្តរជាតិចាំយាមនៅឡើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំ យាម លោកសុវណ្ណ ប៊ុនធឿន បញ្ជាក់ចុងក្រោយថា សមត្ថកិច្ចប៉ូលិសបានយល់ព្រមអនុញ្ញាតិឱ្យរថយន្តពេទ្យខាងលើចូលមក វិញហើយ តែខាងពេទ្យមិនព្រមទៅយក គឺនៅចតឡានចោលក្បែរប៉ារាស់ច្រកទ្វារតាំងពីយប់ថ្ងៃទី៣ មេសា ២០១៦ រហូតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី៤ មេសា ២០១៦ នេះមិនដឹងថា មូលហេតុអ្វី?៕