ខេត្តត្បូងឃ្មុំ ៖ ក្រោមការស៊ើបអង្កេតដោយយកចិត្តទុកដាក់ នៅទីបំផុតមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានអស់លក្ខណ៍ ដោយមិនអាចរត់រួចផុតពីសំណាញ់ច្បាប់ ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ចាប់បាន២នាក់ និងដកហូតបានថ្នាំញៀនក្រាមពណ៌ស រហូតដល់ទៅ៧១កញ្ចប់ ក្នុងនោះធំ៣កញ្ចប់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ចំពោះមេខ្លោងដែលត្រូវបានចាប់ខ្លួនទាំង២នាក់នោះមាន ១-ឈ្មោះអៀង វ៉ាន់ណូ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ២-ឈ្មោះ ណៃ បូរី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលបានចាប់នៅក្នុងផ្ទះ ខណៈពេលដែលកំពុងតែដោះដូរថ្នាំញៀននោះ ។ លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តឲ្យដឹងទៀតថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តនោះ កម្លាំងជំនាញបានតាមដានមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ ណូ ដែលបានចេញពីពន្ធនាគារខេត្តនៅឆ្នាំ២០១៥ កាលនោះច្បាប់ចោទពីបទជួញដូរគ្រឿងញៀន ។
រហូតមកដល់រសៀលថ្ងៃទី៤ ខែឧសភា កម្លាំងបានស៊ើបអង្កេតដឹងថាមេខ្លោងរូបនោះកំពុងតែស្ថិតនៅ ក្នុងផ្ទះរបស់ឈ្មោះ បូរី នៅភូមិជប់ទី១ ឃុំជប់ ដើម្បីដោះដូរថ្នាំញៀនសម្រាប់ធ្វើចរាចរចែកចាយនៅក្នុងស្រុក ត្បូងឃ្មុំ និងក្រៅស្រុក ។ គ្រាន់តែទទួលបាននូវព័ត៌មាននេះ រូបលោកបានដឹកនាំកម្លាំងជាច្រើននាក់ចុះទៅទីនោះជាបន្ទាន់ បានឡោមព័ទ្ធផ្ទះនិងបានសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តផងដែរ ក៏បានចូលឆែកឆេរឃើញមេខ្លោងនេះកំពុងតែរៀបចំដោះដូរថ្នាំញៀនយ៉ាង ពិតប្រាកដមែន ។
សមត្ថកិច្ចបានដកហូតថ្នាំញៀន៧១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច១គ្រឿង ប្រដាប់វេចខ្ចប់មួយចំនួនផងដែរ ។ លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់បន្ថែមថា ជនទាំង២នាក់ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំ ដើម្បីសួរនាំតាមចាប់បក្ខពួកមួយចំនួនទៀតផងដែរ ។លោកថាថ្នាំញៀនខាងលើប្រសិនបើមិនបានបង្ក្រាប ឲ្យទាន់ពេលវេលាទេនោះពិតជាធ្លាក់ទៅលើប្រទាប់យុវនជនមួយចំនួន ក្លាយទៅជាមនុស្សញៀនថ្នាំ បង្កការលំបាកក្នុងគ្រួសារក៏ដូចជាសង្គមជាតិ ។ ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងស្របតាម គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ ៕