ខេត្តរតនគិរី ៖ សត្វជ្រូកព្រៃដ៏ធំមួយក្បាលទម្ងន់ ប្រមាណជាង១០០គីឡូក្រាម បានខ្វេះ និងជល់បុរសជនជាតិដើមភាគតិចទំពួនម្នាក់ ក្នុងចំណោមពីរនាក់ បណ្តាលឲ្យស្លាប់ បន្ទាប់ពីបុរសដើរព្រៃពើបនិងប្រយុទ្ធជាមួយសត្វជ្រូកជាយូរមកនោះ ។ ហេតុការណ៍បានកើតឡើងក្នុងឃុំបាតាងស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។
លោក កិត ចេម ជាមេឃុំបាតាង បានឲ្យដឹងថា មុនកើតហេតុអ្នកភូមិបាតាងពីរនាក់មានឈ្មោះ អច ម៉ូ អាយុ ៣២ ឆ្នាំ និងឈ្មោះ ទេវ នាង អាយុ ៣១ ឆ្នាំបានបណ្តើរឆ្កែបួនក្បាលទៅរកសត្វកំប្រុកក្នុងព្រៃ ស្ថិតនៅក្នុងដីក្រុមហ៊ុនដេអឹមគ្រុប ចម្ងាយពីភូមិប្រមាណជា៦ទៅ៧ គីឡូម៉ែត្រ។ ពេលនោះឆ្កែរបស់ពួកគេបានជួបនឹងសត្វជ្រូកព្រៃដ៏ធំមួយក្បាលហើយ ពួកគេព្រួតគ្នាបាញ់សត្វជ្រូកនឹងគ្រាប់ស្នាដែលមានជ្រលក់ជ័រឆក់ កាលពីវេលាម៉ោងជាង១១ព្រឹក។ ប៉ុន្តែពួកគេមិនអាចយកឈ្នះជ្រូកព្រៃនោះបានទើបនាំគ្នារត់ឡើងដើមឈើ។
លោក កិត ចេម បានឲ្យដឹងទៀតថាពួកគេបាញ់ជ្រូកហ្នឹងនឹងផ្លែស្នាត្រូវជាច្រើន ព្រួញតែនៅតែមិនងាប់ហើយបានរត់ឡើងដើមឈើ។ ឈ្មោះ នាង បានរត់ឡើងដើមឈើរួចតែជនរងគ្រោះឈ្មោះ អច ម៉ូ រត់មិនរួចត្រូវជ្រូកខ្វេះទម្លាក់ដីវិញ។ លោកមេឃុំបន្តថានៅខណៈពេលដែលជ្រូកព្រៃកំពុងតែខ្វេះជនរងគ្រោះនោះ ឈ្មោះ នាង ដែលនៅលើដើមឈើបានទូរស័ព្ទទៅហៅអ្នកភូមិម្នាក់ឈ្មោះ ធិន ក្លិន អាយុជាង ៥០ ឆ្នាំឲ្យទៅជួយ។ ប៉ុន្តែទម្រាំឈ្មោះធិនក្លិនទៅដល់ជ្រូកព្រៃបានខ្វេះជនរងគ្រោះ ត្រូវរបួសជាច្រើនកន្លែងទៅហើយ។
លោកមេឃុំ ចេម និយាយថាគេបាញ់ជ្រូកហ្នឹងត្រូវប្រហែលជា ២០ ស្នាទើបងាប់។ វាធំណាស់ទម្ងន់ ១០៣ គីឡូក្រាមមានខ្នាយពីរដែលខ្វេះជនរងគ្រោះត្រូវរបួសជាច្រើនកន្លែង។ ជ្រូកព្រៃនោះត្រូវបានអ្នកភូមិចងជើងសែងយកទៅផ្ទះជនរងគ្រោះដែលស្លាប់ ហើយត្រូវបានគេយកធ្វើជាម្ហូបសម្រាប់កំដរបុណ្យសពនោះផងដែរ។បើតាម លោកកិត ចេមមេឃុំបាននិយាយថា អ្នកភូមិយ៉ាងហោចណាស់បីនាក់បានស្លាប់ដោយសារជ្រូកព្រៃខ្វេះនៅក្នុង ឃុំបាតាងរបស់លោកនាពេលកន្លងមក៕