ខ្យល់​កន្ត្រាក់​រលំ និង​ប៉ើង​ដំបូលផ្ទះ​៣៤​ខ្នង ស្លាប់​ម្នាក់ របួស​២​នាក់ នៅ​មណ្ឌលគិរី

06-May-2016 | ដោយ មែន កំសត់


​មណ្ឌលគិរី​៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៦​ព្រលប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​យ៉ាងខ្លាំង បាន​បោកបក់​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ៣៤​ខ្នង បាន​រលំ និង​ប៉ើង​ដំបូល ហើយ​មនុស្សម្នា​ក់បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រងរបួស​។​
​សេចក្តីរាយការណ៍ បាន​បន្តថា រហូតដល់​ម៉ោង ៩​យប់​នេះ ខ្យល់​បាន​ស្ងប់ស្ងាត់​ទៅវិញ​ហើយ ហើយ​ជនរងគ្រោះ ក៏​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ​ផងដែរ​។ បើតាម​សេចក្តីរាយការណ៍ ក្នុងចំណោម​ផ្ទះ ដែល​ដួល​រំលំ និង​ប៉ើង​ដំបូល​នេះ ក៏មាន​ផ្ទះ​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ពូ​ជ្រៃ​ម្នាក់​ផងដែរ​។​

​បន្ទាប់ពី​ទទួលដំណឹង​គ្រោះធម្មជាតិ​នេះ​ភ្លាម ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏បាន​បញ្ជា​ទៅកាន់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ចុះទៅ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងយប់​ផងដែរ​។ លោក ស្វាយ សំ​អ៊ាង ក៏​គ្រោង​នឹង​យក​អំណោយ​កាកបាទក្រហម​ខេត្ត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​នេះ ដើម្បី​ឲ្យ​ពួកគាត់​ដោះស្រាយ​ទុក្ខលំបាក​៕

ចំនួនអ្នកទស្សនា

    20547517

  • ថ្ងៃនេះ4101
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83181
  • ខែនេះ105061
  • ឆ្នាំនេះ105061
  • សរុប20547517