ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីបុរសជាប្តីបានប្រើហិង្សា ដោយច្របាច់ក ព្រោះតែរឿងខឹងប្រពន្ធមិនព្រមរួមដំណេក ។ ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ឧសភា នៅក្នុងក្រុម១ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។
តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ណាំ ស្រី អាយុ៤៥ឆ្នាំ ជាកម្មកររោងចក្រ ត្រូវបុរសជាប្តីឈ្មោះ វើក សារ៉េត អាយុ៥៣ឆ្នាំ ជាកសិករ បានទះកំផ្លៀង និងយកដៃច្របាច់ក បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
ប្រភពព័ត៌មានបានបញ្ជាក់ថា មុនកើតហេតុ តាំងពីព្រលប់ បុរសជាប្តីបានដើរផឹកស៊ីរហូតដល់យប់ជ្រៅ ក៏ត្រឡប់មកផ្ទះ ដោយស្រវឹងធ្លាក់ភ្នែកមកពីចម្ងាយ ។រីឯប្រពន្ធដែលជាស្ត្រីរងគ្រោះ ក៏មកពីធ្វើការនៅរោងចក្រដែរ ដោយហេវហត់អស់កម្លាំងក៏សម្រាក ។
ដោយសារអំណាចស្រា និងពោរពេញដោយកាមគុណយ៉ាងក្រាសខ្មឹកនោះ បុរសជាប្តីបានដាស់ប្រពន្ធក្នុងបំណងបបួលរួមភេទ តែត្រូវបានភរិយាប្រកែកព្រោះតែសុខភាពមិនសូវល្អនិងអស់កម្លាំងផង ។ ដោយសារតែការប្រកែក បានធ្វើឲ្យបុរសជាប្តីខឹងក៏ទះកំផ្លៀង ហើយចាប់ច្របាច់កបន្ថែម រហូតស្ត្រីជាប្រពន្ធដាច់ខ្យល់ស្លាប់នៅនឹងកន្លែងតែម្តង ។ ក្រោយពីកើតហេតុ បុរសជាប្តីក៏មិនបានរត់ទៅណាដែរ ក៏ត្រូវប៉ូលិសប៉ុស្តិ៍បឹងតាព្រហ្មចាប់ឃាត់ខ្លួនតែម្តង ។ ប្តីប្រពន្ធនេះមានកូនសរុបចំនួន៥នាក់ ប្រុស៣ស្រី២ ៕