ខេត្តតាកែវ ៖ ស្ដ្រីម្នាក់ត្រូវចោរប្រដាប់អាវុធចូលភ្ជង់ប្លន់យកកាបូបលុយ រួចរត់ឡើងម៉ូតូបក្សពួកដែលកំពុងបញ្ឆេះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាពទាំងកណ្ដាលថ្ងៃត្រង់ ខណៈពេលដែលស្ដ្រីរងគ្រោះកំពុងអង្គុយ កាន់កាបូបលុយលើកៅអី នៅក្នុងទីតាំងក្រុមហ៊ុនលក់ឱសថបុរាណមួយឈ្មោះខេលីង ។
អំពើប្លន់នេះ បានកើតឡើងថ្ងៃទី៥ ឧសភា វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្ថិតក្នុងក្រុមហ៊ុនខេលីង លក់ឱសថបុរាណធម្មជាតិ ក្នុងភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
មន្ដ្រីប៉ូលិសក្រុងដូនកែវ បានឱ្យដឹងថា ស្ដ្រីដែលត្រូវចោរប្លន់ភ្ជង់យកកាបូបលុយទៅបាត់នោះ ឈ្មោះ មាន វណ្ណះ អាយុ២៩ឆ្នាំ បានយកប្រាក់មកបង់ឱ្យក្រុមហ៊ុនជាមួយប្ដី ដោយស្ដ្រីរងគ្រោះអង្គុយកៅអីចាំអ្នកមកទទួល ។ រីឯប្ដីបានចេញទៅក្រៅបន្ដិច គឺពេលនោះហើយមានបុរសពីរនាក់ជិះម៉ូតូហុងដា ធុនសេ១២៥មួយគ្រឿង មកឈប់មុខក្រុមហ៊ុន ហើយបក្សពួកម្នាក់ចុះពីលើម៉ូតូដើរចូលមករកស្ដ្រីរងគ្រោះ ដោយដកកាំភ្លើងខ្លីភ្ជង់ក្បាលស្ដ្រីរងគ្រោះគំរាមមិនឱ្យស្រែក រួចឆក់យកកាបូបលុយរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោលភ្លាមៗផង ដែរ ។
ជុំវិញអំពើប្លន់នេះបានធ្វើឱ្យមានការសង្ស័យថា ក្រុមចោរប្លន់នេះហេតុអីបានដឹងច្បាស់ថាក្នុងកាបូបស្ដ្រីរងគ្រោះ មានលុយច្រើន ហើយប្លន់ចំគោលដៅថែមទៀត ។ ពិតណាស់ការប្លន់នេះ មិនមែនដោយចៃដន្យនោះទេ ។ បើតាមសម្ដីលោក រ័ត្ន នាង ត្រូវជាប្ដីស្ដ្រីរងគ្រោះបាននិយាយប្រាប់ថា លុយនៅក្នុងកាបូបដែលប្រពន្ធកាន់ ហើយត្រូវចោរភ្ជង់ប្លន់យកទៅនោះ មានចំនួនជាង១ម៉ឺនដុល្លា គឺជាលុយខ្ចីក្រុមហ៊ុន ហើយថ្ងៃនេះយកមកបង់ឱ្យក្រុមហ៊ុនវិញ ក៏ត្រូវចោរប្លន់យកទៅទៀត ។
ជុំវិញករណីនេះពុំបានសុំការអត្ថាធិប្បាយពីលោកវរសេនីយ៍ត្រី ឆាយ សាវុធ អធិការក្រុងដូនកែវបាននៅឡើយទេ នារសៀលថ្ងៃទី៥ ឧសភា ដោយលោកប្រាប់ថា ប៉ូលិសកំពុងធ្វើការងារនេះ ៕