បន្ទាយមានជ័យ ៖ ពិតជាគួរឲ្យអាណោចអធមមែន ក្មេងប្រុសស្រី2នាក់ស្លាប់ដោយលង់ទឹកក្នុងរណ្តៅដីតែមួយនៅពេល ឪពុកម្តាយពួកគេរវល់ទៅរកស៊ីនៅឯក្រុងបាងកកប្រទេសថៃទុកកូនឲ្យ នៅជាមួយជីដូន។ ហេតុការណ៍ភ្ញាក់ផ្អើល និងគួរឲ្យសង្វេគនេះ បានកើតឡើងនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ក្មេងរងគ្រោះទាំង2ម្នាក់ឈ្មោះ ឌីម ឌូណា ភេទស្រី អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ឡាច រិទ្ធី អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ លន់ ស្រីពៅ អាយុ២៨ឆ្នាំ ហើយរស់នៅជាមួយជីដូន ឈ្មោះ ជក់ វុន អាយុ៥៩ឆ្នាំនិងក្មេងរងគ្រោះម្នាក់ទៀត ឈ្មោះ ផល រ៉ាឆាន់ ភេទប្រុស អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ព្រឹម ព្រឿយ អាយុ34ឆ្នាំ ម្តាយឈ្មោះ រុំ សុភ័ក្រ អាយុ២៣ឆ្នាំ រស់នៅជាមួយជីដូនឈ្មោះ ឡុក រឿន អាយុ59ឆ្នាំ ដោយគ្រួសាររងគ្រោះទាំង២ មានទីលំនៅក្នុងភូមិកើតហេតុ។
តាមការឲ្យដឹងពីលោក យ៉ិម ពៅ មេភូមិសិលាខ្មែរ ប្រាប់ឲ្យដឹងថា ក្មេងទាំង២បានបាត់ពីផ្ទះនៅម៉ោងប្រហែល៤រសៀលថ្ងៃកើតហេតុលុះ ម៉ោងជិត៦ល្ងាច ថ្ងៃដដែលមានក្មេងៗទៅលេងក្បែររណ្តៅដីដែលគេជីកយកអាចម៍ដីទៅ ធ្វើផ្លូវជាតិ58នៅបន្ទាត់ព្រំដែនក៏ប្រទះឃើញក្មេងដែលបាត់ហើយ កំពុងតាមរកនោះអណ្តែតទឹក ទើបក្មេងៗនាំគ្នាទៅប្រាប់អ្នកស្រុកឲ្យមកជួយស្រង់។ លោកមេភូមិបន្តថាឪពុកម្តាយក្មេងទាំង២ទៅធ្វើការនៅក្រុងបាងកក ដូចគ្នាយូរៗទើបមកម្តងដោយទុកកូនឲ្យនៅជាមួយជីដូនក្រីក្រដូច គ្នា។ លោកមេភូមិបញ្ជាក់ថាក្មេងរងគ្រោះទាំង២ដោយសារផ្ទះក្បែរគ្នាបាន ធ្វើបុណ្យក្នុងរោងតែមួយ ហើយបានបញ្ចុះសពក្បែរគ្នាទៀត ក្នុងបរិវេណវត្តសិលារុក្ខារាម ៕