ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមេសាឆ្នាំ២០១៦កន្លងមកនេះ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨៧នាក់ និងរបួស៧៣០នាក់។ ករណីនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥គ្រោះថ្នាក់ ថយចុះចំនួន៩៩លើក ហើយចំនួនអ្នកស្លាប់ថយចុះ២៣នាក់ និងអ្នករបួសថយចំនួន១៣៥នាក់។
នេះជាការបញ្ជាក់ឲ្យដឹងពីស ម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ថ្មីប្រចាំខែ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ។
ក្រោយពីចប់កិច្ចប្រជុំឯកឧត្តមនាយ ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថាគ្រោះថ្នាក់ដែលបណ្តាលឲ្យ មនុស្សស្លាប់ចំនួន១៨៧នាក់និង របួស៧៣០នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញចំនួន២៩លើក ខេត្តបាត់ដំបងចំនួន២៧លើកនិងខេត្តព្រៃវែងចំនួន២៤លើក។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារការបើកបរ លើសល្បឿនកំណត់ ៤៥ភាគរយ មិនប្រកាន់ស្តាំ១៣ភាគរយ មិនគោរពសិទ្ធិអាទិភាព១២ភាគរយ វ៉ាជែង១០ ភាគរយ ស្រវឹង៩ភាគរយ បត់៧ ភាគរយ កត្តាយានយន្ត១ភាគរយ ងងុយ២ភាគរយ.កត្តាយានយន្ត២ភាគរយនិងកត្តាផ្សេងៗ១ភាគរយ។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់សរុប១៨៧នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១៣៦នាក់ស្មើ៧៣ភាគរយ(ប្រភេទ១២៥ សេសេចុះក្រោម)ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៦៨ភាគរយ។ ជាមួយគ្នានេះមានអ្នកថ្មើរជើងស្លាប់ចំនួន៩ភាគរយ៕