ភ្នំពេញ ៖ សព្វថ្ងៃនេះ អំពើហិង្សានៅក្នុងគ្រួសារភាគច្រើនផ្ដើមចេញពីខាងប្ដី លួចទៅមានស្រីក្រៅផ្ទះ ក្បត់ចិត្តប្រពន្ធ ឬដើរលេងល្បែងស៊ីសង និងដើរផឹកស៊ីមិនគិតការងាររកស៊ីជាដើមរហូតធ្វើឲ្យស្រីជាប្រពន្ធ អត់ទ្រាំមិនបានកើត ក៏មានជម្លោះឡើង ហើយត្រូវប្ដីវាយធ្វើបាប រហូតមានទាំងដុតផ្ទះចោលថែមទៀត បណ្ដាលឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ។
ពេលនេះ ស្រាប់តែមានគ្រួសារមួយដែលបានរៀបការជាមួយគ្នាអស់រយៈពេលជាង១៦ ឆ្នាំមកហើយ ខុសប្លែកពីអ្វីដែលបានរៀបរាប់ខាងលើ ដោយបុរសជាប្ដីបានរកស៊ីចិញ្ចឹមប្រពន្ធកូនយ៉ាងពេញបន្ទុក ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺត្រូវបានស្ត្រីជាប្រពន្ធផឹកស្រាស្រវឹងរាល់ថ្ងៃ គឺថ្ងៃណាក៏ស្រវឹង ហើយរករឿងជេរប្រមាថ និងដេញកាប់ ដេញវាយបុរសជាប្ដីគ្មានលស់ថ្ងៃ និងប៉ុនប៉ងដុតផ្ទះចោលថែមទៀតផង ក្រោមលេសប្រច័ណ្ឌជាមួយស្រីផ្សេង។ ដោយអត់ទ្រាំលែងបាន និងមានការភ័យខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ទើបនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៨ ឧសភា ២០១៦ បុសនោះបានដឹកដៃកូនប្រុស អាយុ១៣ឆ្នាំម្នាក់ ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកអន្តរាគមន៍ពីសំណាក់អជ្ញាធរ ។ ប៉ុន្តែដោយសារ ថ្ងៃនេះគឺជាថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ទើបគាត់មិនបានជួបអាជ្ញាធរឡើយ តែបានជួបជាមួយមន្ត្រីប៉ូលិសប៉ុស្ដិ៍ចោមចៅ ដែលកំពុងប្រចាំការនៅទីនោះ ហើយប៉ូលិសបានផ្ដល់ឲ្យនូវលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប៉ូលិសជួយអន្តរាគមន៍នៅពេលដែលប្រពន្ធប្រើហិង្សាទៅលើគាត់ទៀត។
បុរសដែលត្រូវប្រពន្ធធ្វើបាបនោះឈ្មោះ ទី អៀងប៉ាត់ អាយុ៥២ឆ្នាំ មុខរបរជាចុងភៅប្រចាំនៅភោជនីយដ្ឋាន « ប៉ីជីង» ចំណែកប្រពន្ធឈ្មោះ សាយ សុភាព អាយុ៥៣ឆ្នាំ អតីតជាស្ត្រីមេម៉ាយកូន៣នាក់ ហើយក្រោយពេលអ្នកទាំងពីរនាក់ ចាប់ដៃគ្នាជាប្ដីប្រពន្ធជាង១៦ឆ្នាំកន្លងមកនេះ បានកូនប្រុសម្នាក់ ដែលពេលនេះកូនប្រុសមានអាយុ១៣ឆ្នាំហើយ សព្វថ្ងៃ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្ដីបាននិយាយប្រាប់ប៉ូលិសថា គាត់ និងប្រពន្ធបានរៀបការនឹងគ្នាមានរយៈពេលជា១៦ឆ្នាំកន្លងមកហើយ ដែលពន្លកស្នេហ៍នោះដុះឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៨ មកម្ល៉េះ ប៉ុន្តែក្រោយពេលស្ទាបស្ទង់ចិត្តថ្លើមគ្នារយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០០០ ទើបពិធីមង្គលការបានលេចចេញជារូបរាងឡើង។ កាលណោះគាត់នៅកំលោះ ចំណែកប្រពន្ធគាត់ គឺជាស្ត្រីមេម៉ាយកូន៣នាក់ ហើយអ្វីដែលបានជួបគ្នា រហូតបង្កាត់ភ្លើងស្នេហ៍ឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ គឺខណៈនោះគាត់ជាចុងភៅប្រចាំនៅភោជនីយដ្ឋាន យីហោ «ប៉ីជីង»។ ដោយឡែកប្រពន្ធរបស់គាត់តែងតែទៅហូបស៊ុបនៅទីនោះញឹកញាប់ ទើបស្គាល់គ្នា ហើយដោយមើលឃើញនាងមានចរិកឫកពារស្រគត់ស្រគំគួរឲ្យស្រលាញ់ ទើបគាត់បានចាប់ចិត្តស្រលាញ់ ហើយនាងក៏ព្រមស្រលាញ់គាត់វិញដែរ។
បុរសជាប្តីបានបន្តទៀតថា ផ្ទុយស្រឡះពីអ្វីដែលបានមើលឃើញពីសម្បកក្រៅ តែក្រោយពេលរៀបការបានមួយរយៈពេលខ្លី ប្រពន្ធគិតតែផឹកស៊ីស្រវឹងអួរទីនួរាល់ថ្ងៃ និងបានរករឿងគាត់ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យគាត់ពិបាកចិត្តស្ទើរបែកទ្រូង។ ជានិច្ចកាលឲ្យតែស្រវឹងប្រពន្ធគាត់បានប៉ុនប៉ងដុតផ្ទះចោល និងដេញវាយ ដេញកាប់គាត់ជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះប្រច័ណ្ឌគាត់ជាមួយកម្មការិនីរោងចក្រដែលជួលផ្ទះស្នាក់ នៅ ហើយរឿងគួរឲ្យអស់សំណើចទៀតនោះ កម្មការិនីម្នាក់ដែលជួលផ្ទះគាត់ស្នាក់នៅនោះ មានផ្ទៃពោះជាមួយសង្សារគេ ហើយសង្សារក៏បោះបង់ចោល ស្រាប់តែប្រពន្ធគាត់បានចោទប្រកាន់ថា គាត់ជាអ្នកធ្វើឲ្យនាងម្នាក់នោះ មានផ្ទៃពោះទៅវិញ និងបានចោទថា គាត់យកលុយឲ្យស្រីថែមទៀត។
ប្រភពដដែលបានបន្តថា គាត់គ្មានស្រីញីឯណាក្រៅផ្ទះនោះទេ គឺស្រលាញ់ប្រពន្ធណាស់ ព្រោះពេលនេះខ្លួនកាន់តែចាស់ៗអស់ទៅហើយ មិនមែនក្មេងដូចពេលមុនទៀតទេ ការមានស្រីក្រៅនាំឲ្យ មានបញ្ហាក្នុងគ្រួសារ បាត់បង់សុភមង្គល និងនាំឲ្យខ្មាសអៀនអ្នកស្រុកភូមិថែមទៀត។ ម្យ៉ាងទៀតពេលនេះ គាត់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរ គឺមិនមែនចង់លែងលះគ្នាជាមួយប្រពន្ធនោះទេ ថ្វីដ្បិតពេលនេះ ប្រពន្ធគាត់ក្លាយជាមនុស្សសរសៃប្រសាទទៅហើយក្ដី គឺគាត់គ្រាន់តែចង់ការពារជីវិតខ្លួនឯងប៉ុណ្ណោះ ព្រោះកន្លងមកថ្មីៗនេះ គាត់ស្ទើរតែត្រូវប្រពន្ធកាប់ស្លាប់ម្ដងមកហើយ ដោយប្រពន្ធផឹកស្រវឹងដេញកាប់រត់មិនចង់រួច រហូតមានអន្តរាគមន៍ពីប៉ូលិស ទើបរួចពីមុខកាំបិតប្រពន្ធ។
ទាក់ទិនទៅនិងហេតុការណ៍នោះ កោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺពីស្ត្រីជាប្រពន្ធបានទេ ហើយចំណែកបុរសជាប្ដីបានដឹកដៃកូនប្រុសទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីឲ្យអាជ្ញាធរជួយក្នុងទឹកមុខភ័យខ្លាច ហើយខណៈនោះបានមន្ត្រីប៉ូលិសមានការអាណិតអាសូរ ក៏បានឲ្យលេខទូរស័ព្ទសម្រាប់ទាក់ទងជួយអន្តរាគមន៍ ប្រសិនជាប្រពន្ធដេញកាប់ទៀត ទើបគាត់ស្ងប់ចិត្ត និងបាននាំកូនប្រុសត្រឡប់ទៅផ្ទះវិញ៕