កំពត៖ នារីមា្នក់បានសន្លប់ស្តូកស្តឹង និងក្រោយមកក្លាយជាវង្វេងវង្វាន់ស្មារតីដោយសាររន្ទះបាញ់ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ខណៈពេលកំពុងហូបបាយនៅក្បែរសសរផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ជនរងគ្រោះឈ្មោះហេង ស្រីពៅ អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុនេះ។
តាមការប្រាប់ពីសមាជិក្រុមប្រឹក្សាឃុំព្រែកត្នោតមួយរូបបានឱ្យដឹងថា កាលពីវេលាម៉ោង ២ និង៤០នាទី រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិសាស្ត្រនៃឃុំព្រែកត្នោតមានភ្លៀង ធ្លាក់ក្នុងកម្រិតមធ្យម។ ខណៈនោះ ស្របពេលនារីរងគ្រោះកំពុងហូបបាយក្បែរសរសរផ្ទះ ស្រាប់រន្ទះបាញ់ត្រូវជនរងគ្រោះ បណ្តាលឱ្យដួលដេកសន្លប់ស្តូកស្តឹង។ ភ្លាមៗអ្នកភូមិបានជួយជីកដី និងយកនារីរងគ្រោះកប់រយៈពេលមួយសន្ទុះធំរហូតអាចកម្រើកខ្លួនឡើងវិញ ។
ប្រភពដដែលបានបន្តទៀតថា ទោះបីបានកម្រើកដៃជើងតែជនរងគ្រោះមានសភាពវង្វេងវង្វាន់ស្មារតី និងក្អួតចង្អោរជាញឹកញាប់ ទើបក្រុមសាច់ញាតិប្រញាប់ប្រញាល់នាំទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីទទួលការសង្គ្រោះជីវិត។ សមាជិកក្រុមប្រឹក្សាឃុំរូបនេះ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី៧ ខែឧសភា លោកគង់ ប៊ុនរា ប្រធានក្រុមប្រឹក្សាឃុំព្រែកត្នោត បាននាំក្រុមការងារ ចូលសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ និងបានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀល ដើម្បីរួមចំណែកក្នុងការចំណាយសម្រាប់សម្រាកព្យាបាលនោះ៕