ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានឃាតកកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅក្រោមស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា សាកសពត្រូវបានគេប្រទះឃើញស្លាប់នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ។ ជនរងគ្រោះនៅមិនទាន់បានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ជនរងគ្រោះមានកម្ពស់ប្រហែល១,៦៧ម៉ែត្រ មានអាយុប្រហែល១៧ឆ្នាំ ពាក់អាវដៃវែងពណ៌បៃតងខ្ចី និងអាវយឺតពណ៌ ស-ខ្មៅ ខោពណ៌ខ្មៅ ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានឃាតកដៃដល់ កាប់ត្រូវកញ្ចឹងកខាងក្រោយ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោធអាធម នៅគល់ស្ពានទឹកថ្លា ។ លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលព្រហម្មទណ្ឌកម្រិតធ្ងន់បានប្រាប់ថា ករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់អះអាងថាជារឿងគំនុំ ឬក៏ជាអំពើប្លន់នោះនៅឡើយទេ ។ ចំពោះសាច់ញាតិជនរងគ្រោះក៏មិនទាន់មានទទួលដំណឹងថាមានអ្នកបាត់ សមាជិកក្រុមគ្រួសារនៅឡើយ ដែរ បច្ចុប្បន្នសាកសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីរកឲ្យបងប្អូនដែលបាត់សមាជិកគ្រួសារ មកពិនិត្យមើល ៕