ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីយកកាំបិតប៉័ងតោកាប់បុរសម្នាក់ចំក្បាល និងកាប់ដាច់ប្រអប់ដៃម្ខាងគួរឱ្យញាក់សាច់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៧ និង៥នាទីព្រឹកថ្ងៃទី០៩ ឧសភា ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យខាងលើឈ្មោះដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំ លក់តែគុជ មានទីលំនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយលក់តែគុជនៅកន្លែងកើតហេតុខាងលើ ពេលនោះស្រាប់តែជនសង្ស័យបានដើរម្នាក់ឯងកាន់កាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលឱ្យត្រូវចំក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេងចេញពីដៃ ហើយរត់គេចខ្លួន ។
ក្រោយពីទទួលបានព័ត៌មានភ្លាម ត្រូវកម្លាំងសមត្ថកិច្ជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះ កំលាំងក៏ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃដដែល ហើយនាំទៅយកកាំបិត ដែលលាក់ទុកក្នុងគុម្ពចេកនៅបរិវេណមន្ទីរពេទ្យជ័យជំនះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះខឹង និងបានវាយម្តាយរបស់ខ្លួនកាលពីប្រាំថ្ងៃមុន ។ កាំបិតដែលជនសង្ស័យ យកទៅកាប់ជនរងគ្រោះ គឺទិញពីផ្សារតាខ្មៅចាស់ ក្នុងតំលៃ១.៨០០០រៀល ។