កណ្ដាល៖ បុរសម្នាក់ទើបចេញពីគុកជាង១០ថ្ងៃ បានបង្កជម្លោះក្នុងវង់ផឹកស៊ីវាយសម្លាប់មនុស្ស ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនបញ្ចូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
នគរបាលស្រុក ខ្សាច់កណ្ដាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ សំណាង អាយុ៣១ឆ្នាំ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្ដន្ទាទោសពី១០ឆ្នាំទៅ១៥ឆ្នាំ។
សមត្ថកិច្ច បន្តថាជនសង្ស័យរូបនេះ ធ្លាប់ត្រូវបានតុលាការខេត្តកណ្ដាលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល២ ឆ្នាំ ពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសហើយត្រូវបានដោះលែងកាលពីថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ។
ដោយឡែក ហេតុការណ៍កាប់សម្លាប់មនុស្សនេះកើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដោយចោទជនរងគ្រោះថា លួចកង់ ។មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថាជនរងគ្រោះឈ្មោះស្រូយសាវី ភេទប្រុសអាយុ៣៨ ឆ្នាំបានស្លាប់ដោយមានស្នាមក្បាលចំនួន៥កន្លែង ។
មន្ត្រីនគរបាល បានឱ្យដឹងបន្ថែមទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅផឹក ស្រាជាមួយ ជនសង្ស័យនៅក្រោមផ្ទះយាយឈ្មោះយឺន ជា ជីដូន របស់ជនសង្ស័យតែយាយយឺនមិននៅផ្ទះទេ ចាក់សោរផ្ទះចោលយូរហើយ ។ ពេលផឹកស្រាជាមួយគ្នាស្រវឹងហើយនោះជនសង្ស័យបានចោទ ជនរងគ្រោះថាលួចកង់ខ្លួនហើយជនសង្ស័យបានយកដុំឥដ្ឋ និង បំពង់ឫស្សី វាយក្បាលជនរង គ្រោះត្រូវជាច្រើនកន្លែងដោយជនរងគ្រោះមានសភាពស្រវឹងស្រាជោកជាំ មិនអាចរត់គេចចេញបាន ត្រូវជនសង្ស័យវាយរហូតដល់ស្លាប់នៅកន្លែងតែម្ដង ៕