រាជធានីភ្នំពេញ ៖ នាយរងនគរបាលប៉ុស្តិ៍បឹងទំពុនម្នាក់ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យម្នាក់ទៀត បានត្រូវបញ្ចូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ឧសភា ២០១៦ ដើម្បីសាកសួរលើករណីក្លែងត្រាធ្វើសៀវភៅស្នាក់នៅឲ្យប្រជាពលរដ្ឋ ក្នុងតម្លៃ៨០ដុល្លារ ។
នាយរងនគរបាលប៉ុស្តិ៍បឹងទំពុនឈ្មោះ កែវ សារ៉ាវុធ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ។
ដើមចមដែលនាំឲ្យមានការឃាត់ខ្លួននេះ បានកើតឡើងខណៈពេលដែលប្រជាពលរដ្ឋ បានយកសៀវភៅស្នាក់នៅទៅសាលាសង្កាត់ ដើម្បីសុំធ្វើសំបុត្រកំណើត។ នៅពេលនោះ មន្ត្រីសាលាសង្កាត់ មានការសង្ស័យថា សៀវភៅស្នាក់នៅនេះមានភាពមិនប្រក្រតី ក៏ទំនាក់ទំនងសួរទៅនគរបាលខណ្ឌមានជ័យ ទើបដឹងថា ជាសៀវភៅស្នាក់នៅក្លែងក្លាយ ។
យោងតាមចម្លើយប្រជាពលរដ្ឋរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនមនុស្សពីរនាក់ខាងលើ យកមកសាកសួរ ។ចំពោះមុខសមត្ថកិច្ចមនុស្សទាំងពីរនាក់នេះ បានសារភាពថា ពួកគេបានធ្វើសៀវភៅស្នាក់នៅក្លែងក្លាយនេះតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ពោលគឺឈ្មោះ កែវ សារ៉ាវុធ បានទៅធ្វើត្រា អធិការនគរបាលខណ្ឌមានជ័យ ក្លែងត្រា បានចុះស្ថិតិក្លែង និង យកសៀវភៅស្នាក់នៅ ដែលមិនទាន់សរសេរ យកមកប្រគល់ឲ្យឈ្មោះ សួន សុវណ្ណ ជាអ្នកសរសេរបំពេញ និងវាយត្រាតែម្តង រួចប្រគល់ទៅឲ្យប្រជាពលរដ្ឋក្នុងតម្លៃ៨០ដុល្លារ ក្នុងសៀវភៅស្នាក់នៅមួយ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង សៀង សុខ កំពុងសាកសួរ ៕