រាជធានីភ្នំពេញ ៖ យុវជនបែកថ្នាំម្នាក់បានផ្លោះរបងចូលទៅក្នុងផ្ទះ និងឡើងទៅលើប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចូលទៅលួងលោមឃាត់ខ្លួនបញ្ជូនទៅសង្គមកិច្ច។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល នៅតាមបណ្តាយផ្លូវលេខ១០១៥ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅក្នុងហេតុការណ៍នោះ បង្កឲ្យក្មេងស្រីម្នាក់ភិតភ័យយ៉ាងខ្លាំងបានសម្ងំលាក់ខ្លួនក្នុង បន្ទប់។ យុវជនម្នាក់នោះមានអាយុប្រមាណជាង២០ឆ្នាំ ពុំត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេ ។ តាមប្រភពព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគេបានឃើញយុវជនម្នាក់នោះបានដើរឡូឡាពេញផ្លូវ ហើយក៍បានផ្លោះរបងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ដែលបានចាក់សោ ទុកចោល។ ខណៈនោះប្រជាការពារនិងអនុប្រធានភូមិម្នាក់បានជិះល្បាតក៍ប្រទះឃើញ ហើយសួរនាំ ត្រូវជននោះថាផ្ទះរបស់ខ្លួន។
នៅព្រឹកនោះដែរ យុវជនបែកថ្នាំនោះក៍បានចូលទៅក្នុងផ្ទះ និងបានឡើងទៅជាន់ទី១ហើយបានឈរទៅក្បែរជញ្ជាំងដែលគេអះអាងថា ជននោះប៉ងលោតសម្លាប់ខ្លួន។ នៅព្រឹកនោះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ និងទាក់ទងម្ចាស់មកដើម្បីបើកទ្វារចូលទៅលួងលោមចាប់ខ្លួនជននោះនាំ ទៅប៉ុស្តិ៍។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់មានក្មេងស្រីម្នាក់បានសម្ងំ លាក់ខ្លួននៅក្នុងផ្ទះទាំងភ័យខ្លាច។ នគរបាលក៏បានបញ្ជូនជននោះទៅមន្ទីរសង្គមកិច្ចដើម្បីផ្តាច់គ្រឿងញៀន ៕