ខេត្តព្រះវិហារ ៖ តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា អ្នកកាសែតម្នាក់ឈ្មោះ ប្រាក់ សុខុន អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានអះអាងថា ខ្លួនជាចាងហ្វាងកាសែតកម្ពុជាម៉ែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅទីរួមស្រុកគូលេន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ តាមដីកាបង្គាប់ លេខ១៤៨/១១ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ របស់លោក ទៀង សុថា អតីតចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទលួចដោយហិង្សា និងគំរាមកំហែងយក ប្រព្រឹត្តទៅនៅភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៨ ។
មកដល់ពេលនេះ អ្នកកាសែតឈ្មោះ ប្រាក់ សុខុន ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ប្រគល់ខ្លួនទៅស្ថាប័នតុលាការខេត្តកំពង់ឆ្នាំងវិញ ដើម្បីអនុវត្តនីតិវិធីបន្តទៀត ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះដែរ តាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកាសែតចំនួន៦នាក់ទៀត នៅស្រុកគូលេន សង្ស័យពាក់ព័ន្ធនឹងករណីគំរាមកំហែងយក ។ រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានច្បាស់ពីសមត្ថកិច្ចនៅឡើយទេ ខណៈនេះសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគូលេន និងរងចាំទទួលព័ត៌មាននៅពេលក្រោយ ៕