ខេត្តតាកែវ ៖ លោក សែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យកោះសន្តិភាព ដឹងនៅថ្ងៃទី១០ ឧសភា នេះថា សំណុំរឿងបុរសជាប្តីចុងម្នាក់ ចាប់រំលោភកូនស្រី ត្រូវបានលោកបញ្ជូនទៅសាលាដំបូងខេត្តហើយកាលពីម្សិលមិញ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ក្រោយពីជននេះបានលួងលោមកូនស្រីរំលោភសេពសន្ថវៈរហូតមានផ្ទៃពោះជិត គ្រប់ខែទៅហើយ ។ ដោយសារតែអគតិដូចសត្វតិរច្ឆាននេះទើបប្រពន្ធអត់ទ្រាំលែងបាន ក៏ប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង កាលពីថ្ងៃទី៨ ឧសភា វេលាម៉ោង៧ព្រឹក ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ។
មន្ត្រីនគរបាលស្រុកបាទីនិយាយថា ប្តីចុងដែលត្រូវប្រពន្ធប្ដឹងឲ្យចាប់ខ្លួននេះឈ្មោះឯក រិទ្ធ អាយុ៣៥ឆ្នាំ ។ ស្ត្រីជាប្រពន្ធមានកូននៅក្នុងបន្ទុក៦នាក់ ដែលកូនប្តីមុន៤នាក់ និងប្ដីក្រោយ២នាក់ ហើយកូនស្រីដែលជនតិរច្ឆាននេះរំលោភអយុ១៥ឆ្នាំ ជាកូនប្ដីមុន ។
ប្រភពដដែលឲ្យដឹងទៀតថា បើយោងតាមការសាកសួរគឺការចាប់រំលោភនេះកើតឡើងចាប់តាំងពីអំឡុង ខែតុលា ឆ្នាំ២០១៥មក ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ទើបកូនស្រីនេះនិយាយប្រាប់ម្ដាយថានាងមានផ្ទៃពោះ ដោយសារពុកចុងលួងលោមចាប់រំលោភជាច្រើនលើកច្រើនសា ។ មិនតែប៉ុណ្ណោះ ពេលរំលោភហើយតែងតែនិយាយគំរាមសម្លាប់ចោល បើហ៊ាននិយាយប្រាប់ម្ដាយរបស់នាង ទើបនាងលាក់ទុករហូតមកដល់ពេលនេះមានផ្ទៃពោះជាង៧ខែហើយ ។
ចំណែកបុរសជាឪពុកតិរច្ឆានរូបនេះ បានសារភាពនៅចំពោះមុខនគរបាលថា រូបគេមិនបានចាប់រំលោភទេ គឺបបួលក៏យល់ព្រម រវាងគ្នានឹងគ្នា នៅពេលប្រពន្ធមិននៅផ្ទះ ។ មូលហេតុដែលខ្លួនរួមភេទជាមួយកូន ដោយសារប្រពន្ធឲ្យតែគេចង់រួមរ័ក គឺមិនស្រួលខ្លួនរហូត ហើយរឿងនេះរូបគេក៏បានប្រាប់ប្រពន្ធដែរថា បានដេកជាមួយកូនរហូតមានផ្ទៃពោះជាង៧ខែទៅហើយ ។
លោក សែម សុជាតិ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជាក់់ថា គ្មានក្មេងស្រីណាម្នាក់យល់ព្រមដេកជាមួយជនសង្ស័យដោយគ្មានការ គំរាមកំហែងនោះទេ ហើយបើព្រមក៏នៅតែមានទោសដែរ ព្រោះនាងនៅជាអនីតិជន ៕