ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានយកច្រវាក់សម្រាប់ចាក់សោម៉ូតូមកចងក ធ្វើអត្តឃាតបណ្តាលឲ្យ ស្លាប់ និងបានភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថា បុរសខាងលើមានឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
តាមការរៀបរាប់របស់ ស្ត្រីឈ្មោះ ប៊ូ ម៉ឺន ដែលត្រូវជាបងស្រី បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ ពេលមកវិញស្រាប់ តែឃើញប្អូនប្រុសគាត់ ឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ បានចងក ស្លាប់ទៅហើយ ដោយយកច្រវាក់ សម្រាប់ចាក់សោម៉ូតូ ចងកងនឹងធ្នឹមផ្ទះ ។ ហើយគាត់ក៍ស្រែកហៅអ្នកជិតខាងមកជួយ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឲ្យប្អូនគាត់ចងក គឺមកពីមានជំងឺសសៃប្រាសាទ កន្លងមកធ្លាប់ព្យាយាមជាច្រើនដងហើយ តែមិនបានសម្រេច ព្រោះគាត់ និងអ្នកជិតខាងចេះតែជួយទាន់ពេល ។ ក្រោយពីពិនិត្យសពបុរសខាងលើសមត្ថកិច្ច បានសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនឯងពិតមែន ហើយបានប្រគល់សព បុរសរូបនោះ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕