ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ចំនួនប្រាំបីនាក់ ក្រោយពីធ្វើសកម្មភាពបានបីថ្ងៃ។ ក្នុងនោះមានស្រីម្នាក់ផងដែរ។ ប្រតិបត្តិការនោះ បានធ្វើឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំងប្រាំបីនាក់នេះ ពាក់ពន្ធ័ករណីកាប់ប្លន់មិនបានសម្រេច កាលពីថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន្ត បណ្តាលឲ្យជនរងគ្រោះរបួសស្រាល តែប្លន់មិនបានសម្រេចរួចក៏នាំគ្នាគេចខ្លួន ទើបតែសមត្ថកិច្ចក្រសោបបានទាំងក្រុមតែម្តង។ ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចប្រមូលវត្ថុតាងរួមមានម៉ូតូបីគ្រឿង, ដាវបីដើម, កាំបិតតូចពីរ និងប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕