ខេត្តកំពង់ធំ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានដួលរលំ និងរបើកដំបូល ឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ និងយប់ថ្ងៃដដែល ខែឧសភា ឆ្នាំ២០១៦ ។ ករណីភ្លៀងបង្អុរតិចៗលាយឡំជាមួយផ្គររន្ទះ ព្រមទាំងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឲ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន១៨ខ្នង នៅក្នុងឃុំចំនួន៣ត្រូវរលំ និងរបើកដំបូល ។
បើតាមការឲ្យដឹងពីសំណាក់ លោកអនុសេនីយ៏ឯក អៀត គឹមអ័ន អធិការរងនគរបាលស្រុកប្រាសាទបល្ល័ង្កប្រាប់ថា ករណីភ្លៀងបង្អុរតិចៗលាយឡំជាមួយផ្គររន្ទះ ព្រមទាំងខ្យល់កន្ត្រាក់ផងនោះ បានកើតឡើងចំនួន៣លើក ដែលបណ្តាលឲ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន១៨ខ្នងត្រូវរបើក ដំបូល និងរលំដល់ដី ក្នុងនោះរួមមាននៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅឃុំផាន់ញើម ប៉ះពាល់ភូមិចំនួន៤ ខូចខាតផ្ទះ១០ខ្នង ដួលរលំ២ខ្នង និងរបើកដំបូល០៨ខ្នង ។
នៅវេលាយប់ថ្ងៃដដែលនេះដែរនៅក្នុងឃុំក្រយា ភូមិអន្លង់ជួរ របើកដំបូល២ខ្នង និងខ្ទាតចេញពីជើងសរសរចំនួន២ខ្នង នៅឃុំទួលគ្រើល ក្នុងភូមិថ្នល់រលំផ្ទះចំនួន៤ខ្នង ។ ហើយព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នេះផងដែរ លោក ទូច សុខា អភិបាលស្រុកស្រុកប្រាសាទបល្ល័ង្កបានដឹកនាំមន្ត្រីក្រោមឱវាទនាំយក អំណោយទៅចែកជួនដល់ប្រជាពលរដ្ឋដែលរលំផ្ទះ ដោយក្នុង១គ្រួសារៗទទួលបាននូវអង្ករ៥០គីឡូក្រាម មី១កេះ ទឹកក្រូច១កេះ ត្រីខ១យួរ និងថវិកាមួយចំនួន ៕