កំពង់ស្ពឺ ៖ លោកយាយពិការជើងម្ខាងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងភ្លក់ ភ្លើង ដោយសាររន្ទះបាញ់ចំផ្ទះរបស់គាត់បណ្ដាលឲ្យឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោង១៦និង៤០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោសាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានប្រាប់ថា កាលពីល្ងាចមានភ្លៀងធ្លាក់មួយធំលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ទៅលើលោកយាយឈ្មោះ មែង ឡុង អាយុ៦៩ឆ្នាំ នៅភូមិ ព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច បណ្ដាលឲ្យស្លាប់ និងឆេះផ្ទះអស់១ខ្នង ទំហំ៤គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងបាំងស្បូវ។
លោកបន្តថា ខណៈកំពុងធ្លាក់ភ្លៀង មានផ្លេកបន្ទោរនោះ ជនរងគ្រោះបាននៅក្នុងផ្ទះ ស្រាប់តែមានករណីរន្ទះបានបាញ់ចំផ្ទះរបស់គាត់បណ្ដាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅស្លាប់ក្នុងភ្នក់ភ្លើងតែម្តង។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕