ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨និង១០នាទីព្រឹក កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ ចុះបង្ក្រាបនិងចាប់ឃាត់មុខសញ្ញាជួញដូរប្រើប្រាស់ចែកចាយគ្រឿងញៀន ចំនួន០៥អង្គ/នាក់នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប។
បើតាមមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបានឲ្យដឹងថា ជនសង្ស័យដែលបានចាប់ឃាត់ខ្លួននោះ ១.ឈ្មោះ រ៉ាត់ ទូច ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញជាប់ពីបទជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ ហើយដកហូតបានថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លាចំនួន០៤ កញ្ចប់តូច និងសម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាព ថាខ្លួនបានប្រើប្រាស់ថ្នាំញៀនជាមួយលោកសង្ឃចំនួន៤អង្គ នៅវត្តសាមគ្គីរង្សីទើបឈានដល់ការចាប់ឃាត់ខ្លួន និងធ្វើតេស្តទឹកនោមឃើញសារធាតុញៀនគឺទី១.ព្រះនាម ខឹម ឌី ព្រះជន្ម១៧ ព្រះវស្សា ទី២.ព្រះនាម នូ សាវិ ព្រះជន្ម១៧ ព្រះវស្សា ទី៣.ព្រះនាម អ៊ុំ ភារំ ព្រះជន្ម១៥ ព្រះវស្សា ទី៤.ព្រះនាម ពៅ ស្វាយ ព្រះជន្ម១៤ ព្រះវស្សា។ លទ្ធផលធ្វើតេស្តទឹកម៉ូត មានសារជាតិញៀនទាំង០៤អង្គ ។
ប្រភពដដែលបន្តទៀតថា ក្រោយពិនិត្យឃើញសារធាតុញៀនសមត្ថកិច្ចរាយការណ៍ជូនលោកប្រធានធម្មការ និងសាសនាខេត្ត និងព្រះអនុគណស្រុកស្វាយទាប បានធ្វើការផ្សឹកសង្ឃទាំង០៤អង្គនៅរសៀល ថ្ងៃទី១១ ខែឧសភា រួចកសាងសំណុំរឿងបញ្ជូនមកស្នងការចាត់ការតាមនីតិវិធីច្បាប់។ នេះជាលើកទី១ហើយដែលចាប់បានលោកសង្ឃប្រើប្រាស់គ្រឿងញៀនធ្វើឲ្យ ប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្តហួសចិត្តយ៉ាងខ្លាំង ៕