បន្ទាយមានជ័យ ៖ ប្រភពពីទឹកដីថៃមួយបានបង្ហើបថា មានបុរសខ្មែរ និងស្ត្រីថៃដែលជាប្តី-ប្រពន្ធទើបរៀបការបាន១ថ្ងៃប៉ុណ្ណោះ បានជួបឧប្បត្តិគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងទឹកដីថៃ លើដងផ្លូវជាតិពីស្រុកអារញ្ញឆ្ពោះទៅស្រុកតាប់ប្រាយ៉ា ត្រង់ចំណុចភូមិឡៅអយ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្ត ។
ជនរង គ្រោះដែលស្លាប់ទាំង២នាក់ គេមិនបានប្រាប់ពីអត្តសញ្ញាណទេ ប៉ុន្តែបុរសខ្មែរមានអាយុ២១ឆ្នាំ និងស្ត្រីថៃមានអាយុ១៧ឆ្នាំដែលទើបរៀបការលើទឹកដីថៃ កាលពីថ្ងៃទី០៩ ឧសភា ២០១៦ ។ ប្រភពបន្តថា ក្រោយរៀបមង្គលការបានត្រឹមតែមួយថ្ងៃ ជនរងគ្រោះទាំង២ បាននាំគ្នាទៅរៀនបើកបរម៉ូតូ ដោយបុរសជាប្តីជាអ្នកបង្រៀនប្រពន្ធ (ប្តីជិះពីក្រោយ) និងមានបំណងជិះម៉ូតូយកឈុតអាពាហ៍ពិពាហ៍ ទៅប្រគល់ឱ្យម្ចាស់គេវិញ ។
តែជាអកុសលនោះ មិនទាន់ដល់គោលដៅផង ស្រាប់តែជិះម៉ូតូទៅបុករថយន្តគេមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឱ្យបុរសជាប្តីស្លាប់កណ្តាលទ្រូងផ្លូវ ។ ឯនាងជាប្រពន្ធរងរបួសធ្ងន់ តែបានស្លាប់ដូចគ្នានៅមន្ទីរពេទ្យ ។ ប្រភពពីកន្លែងកើតហេតុថា គេឃើញមានឈុតអាពាហ៍ពិពាហ៍ជ្រុះនៅកន្លែងកើតហេតុនោះផងដែរ ។
បន្ទាប់ ពីសមត្ថកិច្ចថៃចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវទើបដឹងថា បុរសរងគ្រោះជាខ្មែរធ្វើការលើទឹកដីថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ទើបរៀបការជាមួយស្ត្រីរងគ្រោះកាលពីថ្ងៃទី០៩ ឧសភា ថ្មីៗនេះ ។ ក្រោយហេតុការណ៌កើតឡើង សមត្ថកិច្ចថៃ បានទំនាក់ទំនងមកស្ថានអគ្គកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញខេត្ត ស្រះកែវ ដើម្បីជួយទំនាក់ទំនងសាច់ញាតិទៅទទួលសពយកមកស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី។
ជុំវិញករណីខាងលើ ភ្នាក់ងារបានទំនាក់ទំនងទៅលោកប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ តាមប្រព័ន្ធវាត់ស្អាប់ដែរ តែលោកមិនទាន់មានការឆ្លើយតប ៕