រាជធានីភ្នំពេញ ៖ ឃាតករដែលរឹត.កសម្លាប់មិត្តភក្តិខ្លួនឯងយកម៉ូតូហើយរត់គេច ខ្លួនជាង១អាទិត្យ ព្រោះតែឥទ្ធិពលគ្រឿងញៀននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពេលនេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដឹកនាំដោយលោកហួរ ម៉េងវ៉ាង បានតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយ កាលពីព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៦ ដោយត្រូវសមត្ថកិច្ចនាំខ្លួនមកធ្វើត្រាប់នូវសកម្មភាពឡើង វិញ ។
ជនសង្ស័យខាងលើឈ្មោះយឺន មាន អាយុ២៧ឆ្នាំ ជាជាងធ្វើពិដានផ្ទះ មានទីលំនៅផ្ទះជួលផ្លូវលំ ក្នុងភូមិក្តីតាកុយ សង្កាត់វាយស្បូវ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះជាមិត្តភក្តិឈ្មោះជឿន សារុំ ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងធ្វើពិដានដូចគ្នា ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោកអធិការរងឱ្យដឹងថា ដំណើរដើមចមនៃរឿងហេតុខាងលើ គឺនៅវេលាយប់ម៉ោង១១យប់ថ្ងៃទី២ ឧសភា ឆ្នាំ២០១៦ ជនសង្ស័យ បានទូរស័ព្ទទៅរកជនរងគ្រោះ ជាមិត្តភក្តិបបួលគ្នាមកសេពគ្រឿងញៀននៅក្នុងព្រៃជ្រៅ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ដោយពេលនេះ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌.ស គ្មានស្លាកលេខ ទៅយកជនជនសង្ស័យនៅផ្ទះ ដើម្បីមកសេពគ្រឿងញៀននៅចំណុចដែលណាត់គ្នា ។
រហូតរំលងអធ្រាត្រ ជនសង្ស័យក៏យកខ្សែលួសរឹងមួយខ្សែធ្វើសកម្មភាពរឹត.ក សម្លាប់ជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងព្រៃតែម្តង រួចហើយជិះយកម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃកើតហេតុ ។ រហូតមកទល់យប់ថ្ងៃទី០៩ ឧសភា ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាននៅខេត្តកំពង់ចាមតែ ម្តង ។
គួររំលឹកថា សពជនរងគ្រោះត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាព្រឹកថ្ងៃទី០៨ ឧសភា កន្លងមក ស្ថិតនៅចំណុចព្រៃជ្រៅមួយ ស្ថិតតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីអ្នកស្រុកក្បែរនោះយកភ្លើងដុតកម្ទេចព្រៃចាស់ៗចោល ។ ពេលកំពុងដុតនោះ ភ្លើងបានឆាបឆេះខ្លួនប្រាណអស់ទៅហើយ ទើបអ្នកដែលដុតដឹងថា មានមនុស្សដេកស្លាប់ ។
ក្រោយការប្រទះឃើញ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្រ ដោយមានភស្តុតាងមួយចំនួន សង្ស័យទាក់ទឹននឹងករណីឃាតកម្ម ក៏បើកការស្រាវជ្រាវតាមដាន រហូតឈានដល់ការចាប់ខ្លួនឃាតករបានតែម្តងទៅ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕