ស្ត្រី​ម្នាក់​ចាក់​សម្លាប់​ម្តាយបង្កើត ព្រោះតែ​ខឹង​ស្តីបន្ទោស ខណៈ​បុរស​ម្នាក់ទៀត ចាក់​សម្លាប់​ឪពុកក្មេក ព្រោះតែ​ខឹង​ខ្ចីលុយ

13-May-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ អំពើ​ឃាតកម្ម​ដ៏​សាហាវ ក្នុង​គ្រួសារ​២​ករណី បានកើត​ឡើង នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ដោយ​ករណី​ទី​១ ស្ត្រី​ម្នាក់​បាន​ចាក់​សម្លាប់​ម្តាយបង្កើត​របស់ខ្លួន ព្រោះតែ​ខឹង​ស្តី​ឲ្យ​បន្តិចបន្តួច ខណ​:​បុរស​ម្នាក់ទៀត​ចាក់​សម្លាប់​ឪពុកក្មេក ព្រោះតែ​ខឹង​រឿង​ខ្ចីលុយ​។​
​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ បាន​បញ្ជាក់ថា អំពើ​ឃាតកម្ម កូនស្រី​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ឈ្មោះ ហេង ម៉ាលី ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ជាតិខ្មែរ (​មនុស្ស​វិកល​ច​រឹក​) បាន​យក​កណ្តៀវ​ទៅ​កាប់​ម្តាយបង្កើត​របស់ខ្លួន ឈ្មោះ ហួត អូន អាយុ​៤៨​ឆ្នាំ ចំ​កណ្តាលដើមទ្រូង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​របស់ខ្លួន​តែម្តង​។​
​ករណីនេះ​បណ្តាលមកពី​ជនសង្ស័យ​ខឹង ជនរងគ្រោះ​ជា​ម្តាយ​ស្តីបន្ទោស​ឲ្យ​ប​ន្តិ​បន្តួច​។​
​ដោយឡែក​ឃាតកម្ម​មួយទៀត គឺ​កូនប្រសា​ចាក់​សម្លាប់​ឪពុកក្មេក បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។​

​លោកស្នងការ​បាន​ឲ្យ​ដឹងថា ជនល្មើស​មាន ឈ្មោះ ប៉េង រ៉ានី អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំបិត​ស្នៀត ចាក់ទៅលើ​ឪពុកក្មេក ឈ្មោះ អ៊ុត ឃីម អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ ចំនួន​១​កាំបិត បណ្តាល​ឲ្យ​រងរបួស បោះដៃផុត​ខាងស្តាំ យ៉ាងដំណំ​។​
​បើតាម​លោកស្នងការ មូលហេតុ​មកពី​ទំនាស់​ពាក្យសំដី​ក្នុង​គ្រួសារ ដោយសារ​ប្រពន្ធ​ជនល្មើស ឲ្យ​លុយ​ម្តាយ​ខ្ចី​ចំនួន ១០​ម៉ឺន​រៀល ដោយ​មិនបាន​ប្រាប់​ប្តី​។​
​ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បាន​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម តែ​អកុសល​បាន​ដាច់ខ្យល់​ស្លាប់​។​
​ចំណែក​ជនល្មើស សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទន្លេ​បិទ បាន​ឃាត់ខ្លួន​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20551577

  • ថ្ងៃនេះ8161
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87241
  • ខែនេះ109121
  • ឆ្នាំនេះ109121
  • សរុប20551577