ខេត្តពោធិ៍សាត់៖ប្តីប្រពន្ធត្រឡប់មកពីឃ្វាលក្របីរន្ទះ ដ៏កំណាចបានបាញ់ផ្តាច់ជីវិតប្តីប្រពន្ធរងរបួសធ្ងន់ ដោយមានពរពោះបីខែ បណ្តាលឲ្យកូនក្នុងផ្ទៃបានស្លាប់ បន្ទាប់ពេទ្យបានពិនិត្យ ខណៈពេលសង្គ្រោះជិវិតម្តាយ។ ហេតុការណ៍នោះ បានកើតឡើងនៅចំណុចការដ្ឋានទី៧ ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់់ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រលាប បានឲ្យដឹងថា ជនរងគ្រោះដែលជាប្តី មានឈ្មោះ មឿន សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធមានឈ្មោះ មូល ស្រីតូច ភេទស្រី អាយុ២៣ឆ្នាំ ដែលពីរនាក់ប្តីប្រពន្ធរស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់។ មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្តីប្រពន្ធ បានទៅកាច់ទំពាំងជាមួយក្មួយស្រី និងភ្លាមនោះ មានមេឃស្រទុំរកភ្លៀងលាយឡំដោយសូររន្ទះពេញផ្ទៃមេឃ ក៏នាំគ្នាស្រូតទៅផ្លាស់ក្របីនៅខាងក្រោយផ្ទះ។
បន្ទាប់មក ស្រាប់តែរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ក្នុងនោះកូននៅក្នុងផ្ទៃមានអាយុទើបបីខែនោះ ត្រូវគ្រូពេទ្យអះអាងថា មិនមានជីវិទៀតទេ ព្រោះប៉ះពាល់ខ្លាំងដូច្នេះត្រូវសង្គ្រោះម្តាយ។
បច្ចុប្បន្ន លោកម៉ៅធនិន អភិបាលខេត្ត និងប្រធានក្រុមការងារ បានចុះជួយក្រុងពោធិ៍សាត់ បាននិងកំពុងនាំយកអំណោជួយសង្គ្រោះបន្ទាន់ផងដែរ៕