ខេត្តបាត់ដំបង៖ ពីរនាក់ប្តីប្រពន្ធដោយមានជីវភាព ក្រីក្រ បានដើរធ្វើជាកម្មករកាច់ពោតក្នុងចម្ការមួយ នៅស្រុកភ្នំព្រឹក ទាំងមានកូនក្នុងផ្ទៃគ្រប់គ្រប់ខែរហូតកើតកូនក្នុងព្រៃ។ ពេលមានអាសន្នចំពោះអាយុជីវិតពេលសម្រាលកូននោះ បុរសជាប្តីបានរត់ទៅអញ្ជើញគ្រូពេទ្យចិត្តធម៌មួយរូប មកជួយសង្គ្រោះបង្កើតទាន់ពេលវេលា ដោយជោគជ័យ នៅចំណុចភូមិសាមគ្គីឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
តាមប្រព័ន្ធបណ្តាញ សង្គមហ្វេសប៊ុកបានសសេរទាក់ទិននិងការបង្កើតកូនក្នុងព្រៃរបស់ គ្រួសារទីទាល់ក្រនោះថាស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បាន សម្រាលកូននៅក្នុងព្រៃ កាលពីរសៀលថ្ងៃទី១២ ឧសភា ២០១៦ ស្ថិតនៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បន្ទាប់ពីគាត់ធ្វើចំណាកស្រុកជាមួយស្វាមី ដើម្បីស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ។ ប្រភពបន្តថា ស្ត្រីខាងលើឈ្មោះឆូយ វន អាយុ៣៣ឆ្នាំ រស់នៅស្រុកសំឡូត ។
ប្រភពដដែលបានបន្តថាស្ត្រីរូបនេះមានផ្ទៃពោះជិតគ្រប់ខែទៅហើយ តែគាត់បានសុំស្វាមីទៅជាមួយ ពេលស្វាមីត្រូវចាកចេញពីផ្ទះ ដើម្បីស្វែងរកការងារធ្វើ ។ ប៉ុន្តែការសម្រេចធ្វើចំណាកស្រុកចោលកូនប្រុស-ស្រី៥នាក់នៅចាំផ្ទះ នេះ មិនទាន់បានប៉ុន្មានថ្ងៃ និងមិនទាន់បានការងារធ្វើផង ស្រាប់តែប្រពន្ធសម្រាលកូនឆ្លងទន្លេនៅក្នុងព្រៃជាប់ព្រំដែនថៃ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ។
បើតាម អ្នកស្រុកបាននិយាយឲ្យដឹងដែរថា ក្រោយពីដឹងរឿងនេះ ត្រូវប្រជាពលរដ្ឋបាននាំគ្នាជួយជ្រោមជ្រែងយ៉ាងខ្លាំង ទាំងការទំនាក់ទំនងហៅគ្រូពេទ្យ ទាំងការជួយឧបត្ថមជាថវិកា ព្រោះឃើញគ្រួសារប្ដីប្រពន្ធនេះ ក្រីក្រនិងកំសត់ខ្លាំងពេក ដែលស្វែងរកការងារធ្វើមិនទាន់បានផង ស្រាប់តែត្រូវសម្រាលកូននៅក្នុងព្រៃ ។ទោះជាយ៉ាងណា បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះទៅជួយសង្គ្រោះស្ត្រីខាងលើនេះភ្លាមៗដែរ ហើយបានប្រឹងប្រែងជួយស្ត្រីរងគ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ ។ បើតាមគ្រូពេទ្យថា ស្ត្រីរូបនេះ សម្រាលបានកូនស្រី ដែលមានសុខភាពល្អទាំងម្ដាយទាំងកូន ដែលពេលនេះកំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យនៅឡើយ៕