កោះកុង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមាន រថយន្តដឹកអ្នកដំណើរមួយគ្រឿង ពេលកំពុងបើកបរបានក្រឡាប់ បណ្តាលឲ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលចំនួន១៨នាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
សាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តតួរីសដឹកអ្នកដំណើរមួយគ្រឿងបានធ្វើដំណើរចេញពី ខេត្តកោះកុង ទៅខេត្តកំពត។ លុះមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះកង់ផ្នែកខាងក្រោយក៏រេចង្កូត ធ្លាក់ពីលើផ្លូវ ហើយក្រឡាប់ផ្ញារកង់ឡើងលើ បណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាលចំនួន១៨នាក់។ ភ្លាមៗនោះ គេបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដែលជនរងគ្រោះកំពុងស្ថិតក្រោមការសង្គ្រោះពីក្រុមគ្រូពេទ្យនៅស្រុកបូ ទុមសាគរ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចរាចណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯងដោយសារអ្នកបើកបរមានការធ្វេសប្រហែសក្នុងបើកបរ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកបរទើបធ្វើឲ្យរថយន្តផ្ទុះកង់ផ្នែកខាងក្រោយរេចង្កូត ធ្លាក់ពីលើដងផ្លូវផ្ញារកង់ បណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល១៨នាក់៕