កំពង់ចាម៖ម៉ូតូមួយគ្រឿងជិះឌុបគ្នា បីនាក់បានបើកបរឆ្លងផ្លូវធំដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តចំណុះភ្លៅបួន មួយគ្រឿងបានបុក និង កិនលើមនុស្សបណ្តាលឲ្យខាងភាគីម៉ូតូម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមកាលពីម៉ោងជាង១១យប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦។
លោកអនុសេនីយ៍ឯក ស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាមបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៦ថា យុវជនរងគ្រោះខាងម៉ូតូទាំងបីនាក់គឺម្នាក់ស្លាប់នៅក្រោមកង់ រថយន្តឈ្មោះធី ចិត្ត អាយុ២០ឆ្នាំ ជាអ្នកជិះខាងក្រោយនិងជាអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥លេខ ភ្នំពេញ 1BA-9280ឈ្មោះឆន ស៊ីណេន អាយុ២៥ឆ្នាំរបួសធ្ងន់។ទាំងពីរនាក់មានទីលំនៅភូមិដីឡូត៍ឃុំ ត្រពាំងព្រះស្រុកព្រៃឈរនិងម្នាក់ទៀតដែលជិះកណ្តាលរបួសស្រាលឈ្មោះ សុង ភារម្យ អាយុ២០ឆ្នាំនៅភូមិស្ទឹងប្រយោលឃុំមៀនស្រុកព្រៃឈរដែរ។ចំណែក អ្នកបើកបររថយន្តម៉ាក ISUZUពណ៌សអត់ស្លាកលេខភ្លៅបួនកែច្នៃនោះបានទុករថយន្តចោល គេចខ្លួនបាត់។
លោកអធិការរងបានឲ្យដឹងថាតាមការបំភ្លឺពី សាក្សីនិងពិនិត្យកន្លែងគ្រោះថ្នាក់បង្ហាញថារថយន្តដែលគ្មានស្លាក លេខនោះបើកបរលើផ្លូវជាតិលេខ៧ពីទិសខាងភ្នំពេញសំដៅស្ពានគីស្ស៊ូ ណា។ប៉ុន្តែនៅចម្ងាយពីស្ពាននោះប្រមាណ៤០០ម៉ែត្ររថយន្តបានបុកនិង កិនម៉ូតូមួយគ្រឿងដែលជិះឌុបគ្នាបីនាក់ដែលមិនពាក់មួកការពារ សុវត្ថិភាព បណ្តាលឲ្យស្លាប់ម្នាក់ និង របួសពីរនាក់នោះ។
ប្រភពព័ត៌មាននោះបានឲ្យដឹងទៀតថា ករណីខាងលើនេះគេសន្និដ្ឋានបឋមថា អាចជាកត្តាខ្វះការប្រុងប្រយ័ត្នរបស់ខាងអ្នកបើកបរម៉ូតូ ពោលគឺឆ្លងផ្លូវធំមិនបានពិនិត្យមើលឆ្វេងស្តាំ។ ក្នុងនោះគេពុំអាចពិនិត្យរកជាតិអាកុលក្នុងខ្លួនអ្នកបើកបរម៉ូតូ ដែលរបួសធ្ងន់ និងអ្នកបើកបររថយន្តដែលទុករថយន្តគេចខ្លួននោះបានទេនៅក្រោយ៕