បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏មានភាគីម្ខាងបានរងរបួសដៃចំនួន២នាក់ ដោយសារផ្លែដាវសាំម៉ូរ៉ៃ និងភាគីម្ខាងទៀតបានរងរបួសត្រង់ពោះ នៃកម្លាំងក្បាលគ្រាប់កាំភ្លើងខ្លី ដែលបច្ចុប្បន្នកំពុងធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេបានផ្ទុះនូវជម្លោះ ដែលសង្ស័យបណ្តាលមកពីរឿងស្រី ទើបឈានដល់ការបង្ហូរឈាមគ្នាបែបនេះ។
ករណីនេះត្រូវបានម្ចាស់ហាងព្យាយាមបិទបាំង ព្រមទាំងបានបំផ្លាញវត្ថុតាងចោលស្ទើរតែទាំងស្រុងផងដែរ ដែលជម្លោះនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងអាហារដ្ឋានយីហោ ឡាយ ឡាយ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការរៀបរាប់ពីម្ចាស់ហាងឈ្មោះ ហែម កុសល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុបានឲ្យដឹងថា នៅក្នុងពេលនោះ គឺមានភ្ញៀវចំនួន២តុ ដោយភាគីម្ខាងប្រហែល៥ទៅ៦នាក់ដូចគ្នា ដោយគ្រាន់តែភាគីម្ខាង មាននារី៤នាក់ និងម្ខាងទៀតគឺប្រុសទាំងអស់ ដែលមិនទាន់ចាកចេញពីក្នុងហាងនោះទេ ហើយពេលមានទំនាស់ គឺលោកមិនបានដឹងទាល់តែសោះ។
គេមិនបានដឹងថា ពួកគេមានទំនាស់អ្វីនោះទេ ព្រោះទីកន្លែងដែលពួកគេអង្គុយផឹកគឺនៅលើសាឡុងជាប់គ្នា ហើយភាគីដែលមានស្រីបានទាញយកដាវសាំម៉ូរ៉ៃស្ទុះទៅកាប់លើភាគី ម្ខាងទៀតបណ្តាលឲ្យម្នាក់រងរបួសដៃយ៉ាងធ្ងន់ធ្ងរ គឺនៅពេលនោះហើយ ដែលភាគីម្ខាងទៀតស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីបាញ់ទៅលើពួកនោះវិញចំនួន១គ្រាប់ត្រូវចំ ក្បាលពោះនោះ។ ប្រភពពីម្ចាស់ហាងបានបន្តថា នៅពេលនោះ ក៏មានការភ្ញាក់ផ្អើលឡើងភ្លាម ដោយភាគីទាំងពីរបានរត់ដេញគ្នាទៅខាងក្រៅហាង ហើយក្រុមដែលមានដាវសាំម៉ូរ៉ៃបានព្យាយាមកាប់ទៅលើភាគីម្ខាងទៀត គឺសរុបរងរបួសចំនួន២នាក់ ប៉ុន្តែមុននឹងរត់បែកផ្លូវគ្នា គឺជនដែលមានអាវុធបានបាញ់បន្ថែមចំនួន២គ្រាប់ទៀត ទើបគេនាំគ្នាគេចបាត់អស់។
ប្រភពមួយផ្សេងទៀតបាននិយាយថា ជនដែលរងរបួសដោយសារគ្រាប់កាំភ្លើងបានរត់ទៅទិសខាងកើត ហើយក៏មានរថយន្តវីហ្គូ១គ្រឿង បានបើកមកទទួលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ មួយសន្ទុះក្រោយមក ក្រុមដែលមានអាវុធបានទូរស័ព្ទហៅគ្នីគ្នាមកបន្ថែម ដែលគេឃើញមានមនុស្សចំនួន២នាក់ ស្លៀកពាក់ជាឯកសណ្ឋានឈុតខ្មៅ បានទៅចុចពិលដើរប្រមូលយកសំបកការទុស្សដែលជាវត្ថុតាងទៅអស់រលីង។
ដោយឡែក ម្ចាស់ហាងក៏ហាក់បីដូចជាមានការជួយបិទបាំងនូវបញ្ហានេះដែរ ព្រោះសូម្បីតែស្លាកលេខទូរស័ព្ទដែលសមត្ថកិច្ចសរសេរដាក់បញ្ឈរ នៅខាងមុខហាងក៏គេមិនទូរស័ព្ទទៅប្តឹងដែរ ដោយគេបានព្យាយាមដុសលាងឈាមដែលប្រឡាក់នៅតាមសាឡុង និងនៅលើដី រហូតអស់រលីងដែលមើលទៅហាក់ដូចជាមិនមានរឿងអ្វីកើតឡើងនោះឡើយ។
នៅពេលសមត្ថកិច្ចចុះទៅសាកសួរ ក៏ដូចជាត្រួតពិនិត្យរកវត្ថុតាង គឺគ្មានបន្សល់អ្វីទាំងអស់ ដោយនៅសល់តែស្បែកជើងមួយគូប៉ុណ្ណោះ ហើយក៏មិនដឹងថាជារបស់ភាគីណាដែរ ចំណែកម្ចាស់ហាងនៅតែបដិសេធថា គ្រាន់តែស្គាល់មុខ តែមិនដឹងថាជនទាំងនេះនៅទីណានោះឡើយ។ ក្រោយមកទើបគេដឹងថា ជនរងគ្រោះដែលទៅផឹកស៊ីមានដាក់ដាវសាំម៉ូរ៉ៃទៅជាមួយដើម្បី
កាងស្រីនោះ មានឈ្មោះ សំ ប៊័ររី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលបច្ចុប្បន្នបានរងរបួសដោយគ្រាប់កាំភ្លើង និងកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យអ៊ីមេចិនស៊ី។
នៅពេលនេះដែរ ទាំងកម្លាំងនគរបាល ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខជនដែលប្រើអាវុធបាញ់បោះក្នុង ពេលផឹកស៊ី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកជនដែលរងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក៏គួរតែវាយខ្នោះដែរ នៅពេលដែលគេបានជាសះស្បើយ៕