រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាកម្មការិនីកាត់ដេរម្នាក់បានទូរស័ព្ទបងប្រុសរបស់នាង ថា មានបុគ្គលិកផ្ទះសំណាក់សុំដេកជាមួយនាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចផ្ទះសំណាក់ហេងលាភ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីនារីរូបនោះបានចូលដេកផ្ទះសំណាក់៣យប់ហើយអត់មានលុយបង់ ។
នារីវ័យក្មេងរូបនោះឈ្មោះ លាប ស្រីភ័ណ្ឌ អាយុ១៧ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅក្បែរវត្តពោធិញ្ញាណ សង្កាត់បឹងទំពុនខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិព្រែកខ្សាយ.ក ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុបងប្រុសរបស់គេបានទូរស័ព្ទហៅឲ្យជិះម៉ូតូឌុបមកចាំ នៅផ្ទះសំណាក់នេះមុន ចាំគាត់បើករថយន្តមកពីខេត្តកំពង់ចាមមកយកទៅរកការងារធ្វើជាមួយ គាត់ តែសំណាងអាក្រក់រថយន្តរបស់គាត់បានខូចនៅពាក់កណ្តាលផ្លូវ ហើយឈប់ធ្វើតាំងពីថ្ងៃទី១១ ខែឧសភា រហូតដល់ថ្ងៃកើតហេតុខាងលើនៅតែធ្វើមិនទាន់រួចទៀត ធ្វើឲ្យរូបនាងដែលជិះម៉ូតូមកដេកចាំក្នុងផ្ទះសំណាក់បន្ទប់មួយ គ្រែមួយតម្លៃ១០ដុល្លារទាំងខ្លួនអត់មានលុយមួយរៀលទេ គឺដេកចាំបងប្រុសរយៈពេល៣យប់មកហើយ នៅមិនទាន់បង់លុយទៀត ទើបបុគ្គលិកម្នាក់បានឡើងទៅគោះទ្វារបន្ទប់សួរនាំរឿងបង់លុយថ្លៃ បន្ទប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដែលបុគ្គលិកទៅគោះទ្វារបន្ទប់សួររឿងបង់លុយថ្លៃបន្ទប់ត្រូវ នារីខាងលើប្រាប់ថា គេអត់មានលុយទេរង់ចាំបងប្រុសគេមកដល់ទើបបង់លុយ ។ ពេលនោះបុគ្គលិកក៏បានត្រឡប់ទៅវិញ បែរជានារីរូបនោះទូរស័ព្ទប្រាប់បងប្រុសថា មានបុគ្គលិកមកគោះទ្វារបន្ទប់សុំដេកជាមួយ១យប់ ធ្វើឲ្យបងប្រុសទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យចុះទៅសួរនាំដល់កន្លែង កើតហេតុ ទើបដឹងថា ចូលដេកផ្ទះសំណាក់អត់មានលុយបង់ថ្លៃបន្ទប់ បែរជាប្រឌិតថាមានបុគ្គលិកសុំដេកជាមួយ១យប់ទៅវិញ ។
បន្ទាប់ពីសួរនាំដឹងរឿងអស់ហើយ នារីរូបនោះត្រូវបានបងប្រុសប្រាប់សមត្ថកិច្ចថា ឲ្យនៅដេកទៅនៅផ្ទះសំណាក់ខាងលើនេះមួយយប់ទៀត ចាំព្រឹកស្អែកចាំគាត់យកលុយទៅបង់ឲ្យ ៕