ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តបៃលិនចាប់ខ្លួនកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានលួងលោមចាប់រំលោភកុមារី២នាក់រហូតបានសម្រេច ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ កាន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ប្រភពបន្តទៀតថា ការចាប់ឃាត់ខ្លួនយុវជនល្មោភកាមខាងលើនេះយោងតាមដីកាបញ្ជាឱ្យ ចូលខ្លួនលេខ១៧៨\ព ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ របស់លោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្នុងករណីរំលោភសេពសន្ថវៈលើអនីតិជនចំនួន២នាក់ ដោយម្នាក់ឈ្មោះ ក.ក.គ អាយុ៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ.ស.ស អាយុ៦ឆ្នាំ ដែលកុមារីរងគ្រោះទាំង២នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាជាមួយ ជនសង្ស័យខាងលើដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ មតិជាច្រើនបាននិយាយថា មណ្ឌលកុមារកំព្រាដែលមានក្មេងប្រុសស្រីច្រើននាក់ដូច្នេះមេដោះក៏ ដូចជាអ្នកគ្រប់គ្រងមណ្ឌលត្រូវតែពិនិត្យនិងតាមដានក្មេងប្រុសស្រី ឱ្យបានដិតដល់ និងដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងមានបញ្ហាកើតឡើងក្នុងមណ្ឌលរបស់ខ្លួន ៕