ខេត្តរតនគិរី ៖ ចោរលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកូន មុំស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិ៤ ឃុំត្រពាំច្រេស ស្រុកកូនមុំ រួចឃាត់ខ្លួននាំមកអធិការដ្ឋានស្រុកកូនមុំ ។
នគរបាលស្រុកកូនមុំប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ម៉ុន ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ហើយជនសង្ស័យនេះធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិល្អិនចំការ ឃុំតឺន ស្រុកកូនមុំ រួចឃាត់ខ្លួននាំមកអធិការដ្ឋានស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ។
នៅថ្ងៃទី១៣ឧសភា ជិតដល់ម៉ោងបញ្ជូនខ្លួនទៅសាលាដំបូង ស្រាប់តែជនសង្ស័យខាងលើកាច់ចម្រឹងបង្អូចរត់គេចខ្លួនបាត់ភ្លាមៗ តែម្តងទាំងជើងជាប់ច្រវាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង៥ និង៤២នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ពីលោកភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ ។
លោកអធិការរូបនោះប្រាប់បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយកម្លាំងរបស់លោករហូតដល់ពេលនេះមិនទាន់រក ជនសង្ស័យនោះឃើញទេ ឥឡូវកំពុងតែដាក់កម្លាំងប្រចាំការឃ្លាំមើលហើយ ៕