ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀងបានធ្លាក់លាយឡំទៅដោយខ្យល់កន្ត្រាក់ បក់បោកមកលើលំនៅឋានពលរដ្ឋ បានបំផ្លិចបំផ្លាញដួលរលំ និងប៉ើងដំបូលផ្ទះអស់២១ខ្នង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ឧសភា ២០១៦។ ហេតុការណ៍នេះ បានកើតឡើងក្នុងស្រុក២ គឺស្រុកបន្ទាយអម្ពឹល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ នេះ គ្រោះធម្មជាតិកើតមានសាហាវណាស់ បានបំផ្លិចបំផ្លាញលំនៅឋានរបស់ពលរដ្ឋអស់ជាច្រើនខ្នង ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ សម្រាប់ខេត្តឧត្តរមានជ័យ ។ ពលរដ្ឋដដែលបានបញ្ជាក់ថា បើតាមការសង្កេតមានទឹកភ្លៀងធ្លាក់ និងមានខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងមកលើលំនៅឋានរបស់ ប្រជាពលរដ្ឋ ជាក់ស្តែងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ឧសភា ២០១៦ លំនៅឋានពលរដ្ឋទទួលរងការខូចខាតអស់ជាច្រើន។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋដួលរលំដល់ដី៤ខ្នង និងប៉ើងដំបូល១៧ខ្នង ដែលបានកើតឡើងទៅលើស្រុកចំនួន២ គឺស្រុកបន្ទាយអម្ពឹល និងក្រុងសំរោង ខណៈនេះលោកស ថាវី អភិបាលខេត្តបានដឹកនាំមន្ត្រីរាជការក្រោមឱវាត ប៉ូលិស ប៉េអឹមចុះចែកអំណោយសង្គ្រោះបន្ទាន់ផងដែរ កាលពីថ្ងៃទី១៤ ឧសភា ២០១៦ នេះ៕