ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់បុកប៉ើងដំបូលខូចខាតធ្ងន់ធ្ងរ ក្នុងនោះរលំដួលទាំងស្រុងចំនួន១ខ្នង ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ហើយជាមួយគ្នានេះដែរ លេចចេញនូវផ្លេកបន្ទោរបង្កទៅជារន្ទះបាញ់ដើមឈើ បណ្តាលឱ្យងាប់សត្វគោអស់ចំនួន៣ក្បាល នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់នៅក្បែរនោះទទួលរងគ្រោះថ្នាក់ដល់ អាយុជីវិតនោះឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទាំងពីរខាងលើ ។ ប្រភពព័ត៌មានពីលោក ជុំ វឿន នាយប៉ុស្តិ៍នគរបាលស្ទឹងកាច់ បានឱ្យដឹងថា កាលពីវេ លាម៉ោង១២ថ្ងៃត្រង់ គេសង្កេតឃើញផ្ទៃមេឃប្រែក្លាយទៅខ្មៅអួរអាប់ បង្កជាភ្លៀងលាយដោយខ្យល់កន្ត្រាក់បក់បោកមកពីទិសខាងលិច បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ចំនួន៣ខ្នង ក្នុងនោះដួលរលំទាំងស្រុងចំនួន១ខ្នង តែមិនបណ្តាលឱ្យរងរបួសនោះទេដល់មនុស្សទេ ។
លោកបានបន្តទៀតថា ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានផ្លេកបន្ទោរ និងផ្គរលាន់ បង្កទៅជារន្ទះបាញ់ទៅលើដើមឈើ១ដើម ដែលអ្នកភូមិយកគោទៅចងនៅក្បែរនោះ បណ្តាលឱ្យងាប់អស់ចំនួន៣ក្បាល ព្រមទាំងបាញ់ចំបង្គោលខ្សែភ្លើង១ដើម ធ្វើឱ្យដាច់ភ្លើងអគ្គីសនីមួយរយៈពេលផងដែរ ។ លោកបញ្ជាក់ទៀតថា ពេលនោះសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានរកឃើញកាំភ្លើង អាកាស្វាយបត់ចាស់ច្រេះស៊ី១ដើម កប់ក្នុងដីនៅក្បែរកន្លែងនោះដែរ ។
ក្រោយមក ខាងអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះទៅត្រួតពិនិត្យ ដល់ផ្ទះប្រជាពលរដ្ឋ និងរាយការណ៍ជូនកាកបាទក្រហមសាខាខេត្ត ដើម្បីងាយស្រួល រៀបចំជាអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់មួយនេះ ។ សូមបញ្ជាក់ថា បន្ទាប់ពីគ្រោះធម្មជាតិរាំងស្ងួត ខ្វះខាតទឹកទទួលទាន និងប្រើប្រាស់ កាលពីថ្មីៗកន្លងមក រហូតមកដល់ ពេលនេះ ក៏ជួបប្រទះនឹងបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ។
នៅដើមឆ្នាំ២០១៦នេះ ក្នុងខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ ដោយសារតែរន្ទះបាញ់ពេលមេឃភ្លៀង ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ក៏ដូចជាខេត្តនានាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងឬខ្យល់ ត្រូវចូលជ្រកនៅកន្លែងមានសុវត្ថិភាព ដើម្បីបង្ការបញ្ហា គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យបាត់បង់អាយុជីវិតផងដែរ ៕