ខេត្តស្វាយរៀង ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុករថយន្តម៉ាកនីសាន់ពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាម និងពីរនាក់ទៀតបានរងរបួសធ្ងន់។ ហេតុការណ៍នោះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។
សមត្ថកិច្ចនបានឲ្យដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះវ៉ាសេង អាយុ៥៥ឆ្នាំមុខរបរជាមន្ត្រីរាជការ។ចំណែកអ្នករងរបួសមានឈ្មោះសោម ភារម្យភេទប្រុសអាយុ៣០ឆ្នាំមុខរបរអាជីវករលក់ដូរ(ជាអ្នកបើកបរ រថយន្ត)និងឈ្មោះចាបសុភាពភេទស្រីអាយុ២៧ឆ្នាំមុខរបរនិស្សិតដោយ អ្នកទាំង៣មានទីលំនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តក្រុងម៉ាកហ៊ីហ៊ិនដាយ ព៌ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3C6588បើកបរដោយបុរសម្នាក់មិន ស្គាល់ឈ្មោះដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ក៏ជែងនឹងរថយន្តមួយគ្រឿងទៀតបញ្ច្រាស់ទិសគ្នាដោយស្ថានភាព គ្រោះថ្នាក់។ លុះមកដល់ចំណុចកើតហេតុ ក៏បុកគូថរថយន្តដែលបើកស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តនីសាន់ប៉ើងខ្ទាតធ្លាក់ស្រែតែម្ដង។ ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានររត់គេចខ្លួនតែម្ដង។
បន្ទាប់មកសមត្ថកិច្ចបានមកអន្តរាគមន៍យកជនរងគ្រោះមកកាន់មន្ទីពេទ្យ បង្អែកខេត្តស្វាយរៀង។ ប៉ុន្តែដោយស្ត្រីឈ្មោះវ៉ាសេងរងរបួសធ្ងន់ ក៏បាត់បង់ជីវិតនៅនឹងកន្លែងកើតហតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាម ប្រពៃណី។ ចំណែកមធ្យោបាយរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរខេត្ត ដើម្បីចាត់ការតាមច្បាប់៕