ខេត្តកំពត ៖ ក្រុមក្មេងទំនើងដែលជាមុខសញ្ញាបង្កអសន្តិសុខនៅក្នុងក្រុងកំពត និងនៅជាយក្រុង ឱ្យតែពលរដ្ឋមានកម្មវិធីអ្វីមួយ គឺពួកគាត់ទាំងនេះ តែងតែធ្វើសកម្មភាពអុកឡុករំខានដល់កម្មវិធី ដែលធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ឈឺក្បាលវិលមុខដោយសារ ក្រុមនេះខ្លាំងណាស់ ។
កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១៦ នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងអន្តរាគមន៍ឈុតខ្មៅរបស់ស្នងការខេត្ត ឱ្យចុះបង្ក្រាបក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពប្រើដោយដាវសាមូរ៉ៃ ដេញកាប់គ្នាតាមបណ្តោយមាត់ព្រែកកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។ ក្នុងការចុះបង្ក្រាបនេះ ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ និងដាវសាមូរ៉ៃ២ដើម ដែលកំពុងធ្វើសកម្មភាពដេញកាប់គ្នា ។
លោកវរសេនីត្រី លក ញ៉ាវ នាយរងការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋានខេត្ត ឱ្យដឹងថា ក្មេងទំនើងទាំង៤នាក់ ដែលកំលាំងសមត្ថកិច្ចបង្ក្រាបបាន ១-ឈ្មោះម៉ា ធៀនណាំ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ២-ឈ្មោះហ៊ឹម ភារះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បសយ ក្រុងកំពត ៣- ឈ្មោះរ៉ាត សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត និង៤-ឈ្មោះសៀន សានិត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំស្រុកទឹកឈូ។
លោកបន្តថា ក្រុមក្មេងទំនើងទាំង៤នាក់នេះ រួមទាំងបក្សពួកខ្លួនមួយចំនួនទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមប្រមាញ់នោះ បានធ្លាប់ធ្វើសកម្មភាពប្រើហិង្សាទៅលើជនរងគ្រោះ កាលពីថ្ងៃទី៧ ឧសភា ២០១៦ កន្លងទៅ ដោយវាយបំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះអស់មួយគ្រឿង ស្ថិតនៅក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យជាក្រុមក្មេងទំនើងទាំង៤នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕