មនុស្ស​ស្លៀកពាក់ «​យុទ្ធនាការ​ស្លៀក​ខ្មៅ​» ៥​នាក់ លើក​បដា​នៅក្បែរ​ចេនឡា ជិត​ផ្សារ​ដើម​គរ ត្រូវបាន​ហៅ​មក​សាកសួរ

16-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ហ៊ុន សុធី អធិការ​ខណ្ឌទួលគោក បាន​ថ្លែងប្រាប់ នៅមុននេះ​បន្តិច​ថា មាន​មនុស្ស​ស្លៀកពាក់ «​យុទ្ធនាការ​ស្លៀក​ខ្មៅ​» ៥​នាក់ លើក​បដា​នៅក្បែរ​ចេនឡា ជិត​ផ្សារ​ដើម​គរ នៅក្នុង​ទឹកដី​ខណ្ឌទួលគោក ត្រូវបាន​ហៅ​មក​សាកសួរ ហើយ​នៅពេលនេះ​(​ម៉ោង​៨៖៥០​នាទី​) ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​។​

​លោក​អធិការ​បាន​បញ្ជាក់ថា មនុស្ស​ទាំង​៥​នាក់​នោះ មាន​១​នាក់​សកម្មជន​បឹងកក់​, ៣​នាក់​បុរី​កីឡា និង​ម្នាក់​មកពី​ស្រុក​ថ្មគោល​។​
១៖ ឈ្មោះ ភោគ សុ​ភី​ន ភេទ ស្រី សកម្មជន​បុរី​កីឡា​
២៖ ឈ្មោះ ង៉ូ​វ ណាវី ភេទ ស្រី សកម្មជន​បុរី​កីឡា​
៣៖ ឈ្មោះ យិន ស្រី​ន ភេទ ស្រី សកម្មជន​បុរី​កីឡា​
៤៖ ឈ្មោះ ច្រាយ នី​ម ភេទ ស្រី សកម្មជន​ថ្មគោល​
៥.​ឈ្មោះ អ៊ឺ​ម ស្រី​ទូច ភេទ ស្រី សកម្មជន​បឹងកក់​។​

​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃនេះ គម្រោង​ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» មិនមាន​អ្វី​ប្លែក​នោះទេ តែ​ប្រសិនបើ​មាន​ធ្វើ​ខុសច្បាប់ យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ ។​
​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី រាប់សិប​នាក់ បានធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង មន្ត្រី​អង្គការ​អាដហុក​៤​នាក់ និង​មន្ត្រី គ​.​ជ​.​ប ម្នាក់ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ហើយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។ អំឡុង​តវ៉ា​នេះ សមត្ថកិច្ច​ឃាត់​មនុស្ស​៨​នាក់ ដើម្បី​អប់រំ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា រួច​ហើយក៏​ដោះលែង​ពួកគេ ឱ្យមាន​សេរីភាព​វិញ នៅ​យប់​ថ្ងៃ​ដដែល​តែម្តង​។​

​យុទ្ធនាការ​ស្លៀក​ខ្មៅ ត្រូវបាន​ហាមឃាត់ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែមាន​ច​រឹត​ដូច​ទៅនឹង​ចលនា​ដែល បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​។ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​រាល់​សកម្មភាព និង​ការធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ ដើម្បី​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​នីតិរដ្ឋ របស់​ជាតិ​ទាំងមូល​៕

ចំនួនអ្នកទស្សនា

    20553007

  • ថ្ងៃនេះ9591
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88671
  • ខែនេះ110551
  • ឆ្នាំនេះ110551
  • សរុប20553007