រាជធានីភ្នំពេញ ៖ យុវជន២ក្រុមមានគ្នាប្រហែលជិត២០នាក់បានដេញកាប់គ្នាដូចក្នុង រឿងចិនហុងកុងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាអូឌឹមចាស់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសំដីរបស់ជនរងគ្រោះឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងក្តុល ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេរួមទាំងគ្នីគ្នា៥នាក់ទៀតសរុបមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង សង់ប៊ិច ពណ៌ខៀវ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CB-4458 ឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅមិនចាំស្លាក់លេខ និងឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DL-2258 ត្រឡប់មកពីដើរលេងកោះពេជ្រ ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានយុវជនមួយក្រុមទៀតមានគ្នាប្រហែល១០នាក់ជិះម៉ូតូ៥ គ្រឿង មិនចាំម៉ាក មកពីក្រោយដកដាវកាប់ត្រូវចំខ្នងមួយដាវធ្វើឲ្យក្រុមខ្លួនភ័យ ផ្តួលម៉ូតូចោល រត់ចូលតូបប៉ះកង់ដែលនៅក្បែរនោះ២នាក់ ពេលជនបង្ករត់តាមពីក្រោយរកមិនឃើញ ធ្វើឲ្យពួកវាខឹង និងបានកាប់តូបប៉ះកង់នោះខ្ទេចទ្វាខូចខាតគួរសមដែរ រួចក៏ជិះម៉ូតូគេចខ្លួនអស់ទៅ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីគេដេញកាប់ហើយ ភ្លាមៗរូបគេបានរៀបរាប់រឿងហេតុទាំងអស់ប្រាប់ដល់អ្នកផ្ទះបានដឹង ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ថាគេបានកាប់ប្លន់ម៉ូតូ ។
ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងហើយ ក៏នាំជនរងគ្រោះទៅពិនិត្យមើលកន្លែងកើតហេតុ ពេលទៅដល់កន្លែងកើតហេតុក៏ឃើញម៉ូតូវិញ និងបានសាកសួរអ្នកនៅក្បែរនោះទើបដឹងថា ជាករណីក្មេងដេញកាប់គ្នា ដេញវាយគ្នា មិនមែនជាការប្លន់ម៉ូតូទេ ។ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំដល់ក្រុមក្មេងទាំងនោះកុំឲ្យដើរលេងយប់ទៀត ព្រោះអាចកើតរឿងជាយថាហេតុដូចករណីខាងលើ ឬអាចមានគ្រោះថ្នាក់ដល់ជីវិតផង ៕