នគរបាល​ខណ្ឌ​ជ្រោយចង្វារ ស្ទាក់​ក្របួច​ចាប់ខ្លួន ជន​គ្រឿងញៀន

16-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក​វរសេនីយ៍ត្រី ឯក សេរី​វុ​ធ  អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ខណ្ឌ​ជ្រោយចង្វារ បាន​ដឹកនាំ​កម្លាំង​ល្បាត​របស់ នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ បាន​ស្ទាក់ផ្លូវ​ក្របួច​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៤​នាក់ បន្ទាប់ពី​មានការ​សង្ស័យ និង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​រក្សាទុក​នឹង​ខ្លួន ដើម្បី​ប្រើប្រាស់​រួមគ្នា ព្រមទាំង​ដកហូត​ម៉ូតូ​២​គ្រឿង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ មុខ​វត្ត​គៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​លោក ឯក សេរី​វុ​ធ អធិការរង​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យដឹងថា ជន​គ្រឿងញៀន​មានឈ្មោះ​៖ ទី​១​ឈ្មោះ ធី ថុ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទី​២​ឈ្មោះ ធី សុខ​ណេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ​ជនសង្ស័យ ទាំង​២​នាក់​ខាងលើ ស្នាក់នៅ​ភូមិ​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ទី​៣​ឈ្មោះ គឿន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជាកសិក​រ ស្នាក់នៅ​ភូមិ​ព្រែកតាទែន ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ទី​៤​ឈ្មោះ អុន វណ្ណ​ស៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ធ្វើ​ចម្ការ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

លោក ឯក សេរី​វុ​ធ បានបញ្ជាក់​ទៀតថា «​ស្ទើរ​រៀងរាល់ថ្ងៃ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​ប៉ុស្ដិ៍​ជ្រោយចង្វារ​បាន​ដើរល្បាត ពួនស្ទាក់ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន និង​បង្ក្រាប​បានជា​ញឹកញាប់​នូវ​ជន​ប្រើប្រាស់ ក៏ដូចជា​ជន​ជួញដូរ​គ្រឿងញៀន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ខណៈ​យប់មិញ​នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការ ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់​បន្ថែមទៀត ហើយ​ក្រោយ​មានការ​សង្ស័យ និង​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់​តូច ដែល​ជន​ទាំង​នោះបាន​រក្សាទុក​ជក់ រួមគ្នា​ជាមួយ​បក្ខពួក និង​បាន​ដកហូត​ម៉ូតូ​២​គ្រឿង​ដែលជា មធ្យោបាយ​ធ្វើដំណើរ របស់​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​»​។​
​ក្រោយ​ការបង្ក្រាប់ កម្លាំង​សមត្ថកិច្ច បានរ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ រួមជាមួយ​វត្ថុតាង ទៅ​ឃុំខ្លួន​បណ្ដោះ​អាស​ន្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​ដើម្បី​រៀបចំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20552857

  • ថ្ងៃនេះ9441
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88521
  • ខែនេះ110401
  • ឆ្នាំនេះ110401
  • សរុប20552857