ខេត្តបន្ទាយមានជ័យ ៖ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ លោក តួ ធានទឺ មានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការចាប់ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ឧសភា២០១៦នេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ឃាត់ខ្លួនលេខ១១៦ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានប្រាប់ថា យោងតាមដីកាបង្គាប់ឲ្យចាប់ឃាត់ខ្លួននេះ បានបង្ហាញថា លោក តួ ធានទី បានជាប់ចោទពីបទឆបោក បានប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៤ ហើយត្រូវបានដាក់ទោសរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃអនុវត្តទោស និងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទខាងលើ ហើយនៅពេលចាប់ខ្លួនបានបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ឃុំខ្លួនជនជាប់ចោទក្នុងពន្ធនាគារខេត្តតាមអំណាចសាលក្រមចាប់តាំងពី ថ្ងៃប្រកាសសាលក្រមនេះ ពីបទ(ឆបោក) ប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៤ បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ព្រះរាជក្រមលេខៈ នស/រកម១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ៕